យន្តការសមាធិ !

K

យន្តការសមាធិ !
ការចម្រើនភាវនាគឺជាឧបាយទៅឲ្យផុតពីគំនិត « គុណភាពចិត្តដែលស្ងៀមភ្លឺថ្លាស្អាតគ្មានគំនិតគឺជាការចម្រើនភាវនា » អ្នកគ្រាន់តែអង្គុយស្ងៀមតាមដឹងខ្យល់ដង្ហើមចេញចូលត្រង់រន្ធច្រមុះជាការស្រេច ទុកឲ្យគំនិតនិងការចុករោយលើរាងកាយវារលាយបាត់ដោយខ្លួនឯង ចិត្តគង់នឹងចុះស្ងប់សន្សឹមៗទៅ ឯរាងកាយត្រូវបានសម្រាកយ៉ាងស្កប់ស្កល់ ។ មិនត្រូវព្យាយាមធ្វើចិត្តឲ្យស្ងប់ទេ គ្រាន់តែសង្កេតមើលលក្ខណៈកើតរលត់របស់វាទៅបានហើយ មិនត្រូវមួរម៉ៅធុញថប់នឹងការចុករោយ ការចុករោយវាមានប្រយោជន៍ខ្លាំងណាស់ វាជួយឲ្យចិត្តមានការអត់ធន់ ជួយភ្ញោចខួរក្បាលឲ្យចេញជាតិអង់ដ័រហ្វីនព្យាបាលរាងកាយ អ្នកគ្រាន់តែមើលការចុករោយដៃជើងដោយចិត្តស្រាលៗថ្លាៗ ទៅបានហើយ ។ គ្រាន់តែចង់ឲ្យចិត្តស្ងប់ភ្លាម ចិត្តអ្នកនឹងញាប់ញ័រច្របូកច្របល់កាន់តែខ្លាំង កាលណាសតិកាន់តែមុតច្បាស់ អ្នកមើលឃើញការឈឺចាប់កាន់តែខ្លាំង មើលឃើញការរាយមាយក៏កាន់តែខ្លាំងដែរ នេះគឺមកពីអ្នកចេះតាមមើលចិត្ត មើលកាយហើយ ព្យាយាមអត់ធ្មត់អង្គុយនៅតែស្ងៀមចុះណា មិនអីទេ យូរទៅថ្នឹកហើយ ! ។ តំណាក់កាលតំបូងហៅថា កើតទុក្ខវេទនា ពេលខួរក្បាលធ្វើការជាមួយសមាធិឆ្លើយតបគ្នាហើយ ខួរក្បាលនឹងបញ្ចេញជាតិអង់ដ័រហ្វីនរាងកាយនិងចិត្តចាប់ផ្តើមសុខស្រួលមែនទែន រហូតអ្នកមិនចង់ឈប់សមាធិទេ។ ពេលវាក្លាយជាទម្លាប់ហើយ គ្រាន់តែអ្នកលើកជើងពែនភ្លាម ភាពសុខស្រួលក្នុងរាងកាយកើតឡើងភ្លាមដែរ នេះជាតំណាក់កាលហៅថា បីតិសុខៈ ចិត្តប្រែជាមូលថ្លាស្ងប់ស្អាតហៅថា ឯកគ្គតាឬឧបេក្ខា ដែលជាសមាធិចិត្តឬហៅថាចិត្តស្ងប់មានកម្លាំងក្រៃលែង ។

Comments