គុណធម៌ដែលព្រះពុទ្ធបានលើកតំកើងបំផុតនោះគឺបញ្ញា ! ជាគុណធម៌វិសេសប្រៀបដូចព្រះច័ន្ទនិងហ្វូងតារា បញ្ញាជាធម្មជាតិសម្បយុត្ត(កើតរួម)ជាមួយចិត្ត បញ្ញាមាននៅក្នុងខ្លួនមនុស្សគ្រប់គ្នា ប៉ុន្តែមិនមែនសុទ្ធតែគ្រប់គ្នាអាចនាំយកវាចេញមកប្រើបាននោះទេ ! ។ តើនេះមកពីហេតុអី្វទៅ ? បើយើងតាមសង្កេតពិនិត្យឲ្យបានម៉ត់ចត់ យើងនឹងឃើញសូម្បីតែសត្វស្រមោចក៏មានបញ្ញាផ្ទាល់របស់វាដែរ ពេលស្រមោចលិចទឹកវាខំហែលរកសំណាត់ឈើតោង ហើយបណ្តែតខ្លួនទៅតាមពេលវេលា ធ្វើយ៉ាងណាឲ្យតែជីវិតនៅគង់វង់ ! យ៉ាងណាមិញ គឺបញ្ហានេះឯងដែលជាអ្នកអភិវឌ្ឍបញ្ញាឲ្យដុះដាលចំរើនឡើង កុំចេះតែតូចចិត្តនឹងជីវិតដែលមានបញ្ហា ! ។ បញ្ញាត្រូវបានបិទបាំងដោយ ការខូចខាតលើសាច់ខួរក្បាល(មានជំងឺ) ខ្វះខាតការអប់រំ មិនធ្លាប់ហ្វឹកហាត់ក្នុងការគិតឲ្យកើតបញ្ញា ការរឹងមានះមិនព្រមទទួលយកគំនិតអ្នកដទៃមកពិចារណា ធ្វើអ្វីតាមតែចិត្តនឹកឃើញ គ្មានការត្រិះរិះពិចារណាជាដើម ។ ព្រះពុទ្ធបានត្រាស់ គឺដោយសារការគិតនេះឯង ! ការគិតដោះស្រាយបញ្ហានាំឲ្យកើតបញ្ញា ! ។

