អានិសង្សការថ្វាយទៀនធូប កុំចេះតែជ្រុលនិយមតែត្រូវចេះប្រុងប្រយ័ត្នខ្ពស់ !
បិដក ៧៤ ទំព័រ ១៦១
---
គន្ធធូបិយត្ថេរាបទាន ទី១
[៣១] ខ្ញុំបានថ្វាយធូបក្រអូប ដល់ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថ ឯធូបក្រអូបនោះ ស្រោបដោយផ្កាម្លិះ ជារបស់សមគួរដល់ព្រះពុទ្ធ។ ខ្ញុំបានឃើញព្រះពុទ្ធជាអគ្គនាយកក្នុងលោក ប្រាកដសើ្មដោយចេតិយមាស ទ្រង់រុងរឿងដូចរាជព្រឹក្ស ឬដូចភ្លើងកំពុងឆេះ ទ្រង់អង់អាចក្រៃលែងដូចជាខ្លាធំ ឬដូចកេសររាជសីហ៍ ជាអភិជាត ព្រះអង្គប្រសើរជាងពួកសមណៈ មានភិក្ខុសង្ឃចោមរោម ទ្រង់កំពុងគង់នៅ។ លុះខ្ញុំឃើញហើយ ក៏ញុំាងចិត្តឲ្យជ្រះថ្លា ផ្គងអញ្ជលី ថ្វាយបង្គំព្រះបាទារបស់ព្រះសាស្តា បែរមុខទៅកាន់ទិសឧត្តរ ហើយចៀសចេញទៅ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានបូជាគ្រឿងក្រអូប ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាគ្រឿងក្រអូប។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះគន្ធធូបិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ព្រោះហេតុនេះ ការថ្វាយផ្កា អុជទៀនធូបបូជាចំពោះព្រះពុទ្ធ គឺបានបុណ្យណាស់ មិនមែនអត់ប្រយោជន៍ទេទាន ! ក្នុងវិសុទ្ធិមគ្គក៏មានកត់ត្រាពីការថ្វាយធូបដែលកិនលំអិតខ្លឹមច័ន្ទថ្វាយព្រះពុទ្ធដែរ ! កុំប្រើបញ្ញាឲ្យលើសសទ្ធាមិនត្រឹមតែខាតបុណ្យទេ នៅកើតបាបទៀតផង !

