លោកតាចៅសូមសួរបន្តឹច វត្តអារាមជាទីកន្លែង សក្ការៈបូជា ហើយមនុស្សនាំគ្នាទៅ ច្រៀងរាំ ប៉ាតម្សៅ អញ្ចឹង តើត្រឹមត្រូវដែរទេ? បាបដែរទេ? ព្រោះខ្ញុំឃើញ ស្ទើរតែមួយប្រទេសយើងហើយ គេនាំគ្នាធ្វើអញ្ចឹង។ សូមលោកតាជួយពន្យល់ នែណាំផង។ អរគុណលោកតា។
សាធុៗអរគុណចៅ ! បាបមុខតែបាបហើយ បើឈ្លោះកាប់ចាក់គ្នា ឬដួលបាក់ដៃបាក់ជើង ធ្វើម៉េចទេនេះជាប្រពៃណីវប្បធម៌ជាតិ។ ជំនាន់ដើមមានរាំវង់លក់ផ្កា មានប្រដាល់ មានល្ខោនយីកេ មានជល់មាន់ ចាក់ខ្លាឃ្លោក ចាក់អាប៉ោង និងល្បែងប្រជាប្រីយ៍កំសាន្តផ្សេងៗ...តែបីថ្ងៃទេ។ ការនាំគ្នាមកសប្បាយក្នុងវត្តគប្បីធ្វើឲ្យសមរម្យមិនគួរហួសហេតុពេកទេ សម័យដើមពេលល្ងាចមានធម្មទេសនា ពេលយប់មានល្ខោនយីកេលេងរឿងបូរាណគួរជាទីរីករាយសមរម្យណាចៅ អាស្រ៏យលើគណៈកម្មការវត្តដឹកនាំកូនចៅឲ្យសុខសប្បាយកើតបញ្ញា កុំដល់ថ្នាក់កើតបាបអត់ប្រយោជន៍។
បាទ លោកតា ចៅគិតថាអញ្ចេះទេ លោកនាំគ្នាមកបួស ព្រោះលែងគិតពីរឿងទាំងអស់ហ្នឹង ដល់ពេលគេនាំគ្នាយករឿងទាំងហ្នឹង មកចូលវត្តដូចវាពិបាក។
បាទចៅ ! លោកដែលនៅជាបុថុជ្ជនទោះបីគ្មានរឿងអស់ហ្នឹងក៏លោកនៅតែបះឆ្កឺតដែរ ឯលោកដែលប្រាថ្នានិព្វានបានជួបរឿងហ្នឹងលោកនឹងខំសិក្សារក្សាចិត្តឲ្យកើតក្តីសង្វេក បើលោកទើសចិត្តដាច់កម្មដ្ឋានលោកត្រូវតែខិតខំតទៅទៀត បាបបុណ្យនៅលើគំនិតខ្លួនឯងផ្ទាល់ទេ ទីណាមានព្រះទីនោះមានមារហើយ។ បើលោកចេះតែសំងំសុខៗទៅ លោកអត់ដឹងថាកិលេសខ្លួនឯងសល់ប៉ុណ្ណាទេចៅ។ បញ្ញាមនុស្សកើនឡើងតាមលំដាប់ មិនអាចបង្ខំសិស្សមត្តេយ្យឲ្យចូលបាក់ឌុបបានទេចៅ។

