ជម្លោះទាស់ទែងមិនមែនសុទ្ធតែអាក្រក់នោះទេ ពិភពលោកបានបែងចែកវាជាពីរៈ ១- ជម្លោះអវិជ្ជមានៈ ឈ្លោះគ្នាហើយតាមសម្លាប់គ្នាយកឈ្នះចាញ់ រហូតស្លាប់ទាំងអស់គ្នាផងក៏មាន ដូចជាជម្លោះរបស់ខ្មែរក្នុងសម័យមុន ។ ២- ជម្លោះវិជ្ជមានៈ គឺជាការចាំបាច់ណាស់ ដើម្បីសិក្សាពីគ្នាទៅវិញទៅមក នាំឲ្យមានការផ្លាស់ប្តូរទៅកាន់ភាពរីកចម្រើន វាជាការប្រកួតប្រជែងបង្ហាញគំនិតថ្មី បើគេមានគំនិតល្អជាងខ្លួន យកតាមគំនិតគេភ្លាម នេះជាទិដ្ឋភាពដ៏ល្អក្នុងសង្គមសម័យថ្មីរបស់ពិភពលោក និងក្នុងប្រទេសឬក្នុងសង្គមគ្រួសារដែលមានការចេះដឹងខ្ពស់ វាមិនមែនជាជម្លោះរបស់មនុស្សល្ងង់ខ្លៅអាចធ្វើបានទេ ។ ជម្លោះវិជ្ជមានគឺជាការបដិសេធគំនិតប្រតិកិរិយាមិនរីកចម្រើនជឿនលឿន គេទទួលយកឬច្រានចោលគំនិតអ្នកដទៃដោយការបើកចំហក្នុងភាពស្មោះត្រង់ពោរពេញដោយក្តីស្រឡាញ់ ។ តទៅសូមឲ្យសង្គមខ្មែរ សូមឲ្យកូនចៅខ្មែរ ចេះឈ្លោះគ្នាដោយភាពវិជ្ជមាន ដើម្បីភាពគង់វង់ស្រុកទេសដ៏គួរឲ្យអាសូរមួយនេះកុំបីខានឡើយ !

