ពេលកំពុងតែសមាធិស្រាប់តែមានទុក្ខវេទនាបានកើតឡើង ដូចជាប្រកាច់កន្ត្រាក់ ស្ទះស្លេស ដង្ហក់ថប់ដង្ហើមបញ្ឈរភ្នែក ឬឃើញភ្លើងឆេះជាដើម តើត្រូវដោះស្រាយដូចម្តេច?
១- ត្រូវពិចារណាព្រមទទួល ថានេះគឺជាផលកម្មរបស់យើង (ព្រោះគេមិនដូចយើង)ដែលយើងបានសាងឡើងដោយខ្លួនឯង សូមឲ្យវាបញ្ចេញឲ្យអស់ឥទ្ធិពលវាមកចុះ ។ កុំមួរម៉ៅក្តៅក្រហាយបន្ថែមទៀត ត្រូវគិតថាគឺកម្មនោះហើយដែលមកជួយដាស់តឿនឲ្យយើងមានស្មារតីកាន់តែប្រុងប្រយ័ត្នថែមទៀតមិនឲ្យប្រព្រឹត្តិខុស មិនឲ្យដាច់សីល ។
២- ត្រូវគ្រាន់តែពិនិត្យវេទនានោះដោយមិនលំអៀង មិនមួរម៉ោក្តៅក្រហាយ មិនមានលក្ខណះរង់ចាំមើលពេលវាកើត ពិនិត្យដោយចិត្តជាកណ្តាល ព្រោះបើចិត្តយើងញាប់ញ័រនោះវារឹតតែបង្កើតសង្ខារឡើងកាន់តែខ្លាំងថែមទៀតទេ លះការប្រកាន់ក្នុងសភាវៈនោះចោលចេញ។
ត្រូវបន្តធ្វើកម្មដ្ឋានតទៅទៀត លុះយូរទៅដោយសារតែចិត្តយើងលែងប្រតិកម្មនឹងវេទនានោះ ទុក្ខវេទនានោះក៏រសាយបាត់អស់ទៅ។ផ្ទុយទៅវិញបើសភាពនោះមិនធូរស្រាល គឺយើងអាចប្តូរកម្មដ្ឋាន ឬចាប់ចម្រើនវិបស្សនាទៅតែម្តង គឺកំណត់រូបនិងនាមដែលឋិតក្រោមអំណាចត្រៃលក្ខណ៍ធម៌ មិនទៀង ជាទុក្ខ មិនមានតួខ្លួន។ត្រូវចាំថា របស់ទាំងអស់ក្នុងលោក ជារបស់កើតរលត់ទេ ! ។

