“ជំងឺភ័យខ្លាច គេមិនឱ្យតម្លៃ”

K
khy-nim

១- ស្មោះត្រង់ជាមួយខ្លួនឯង ប្រៀបបានដូចជាស្មោះត្រង់ជាមួយអ្នកដទៃ។ ក្បត់ខ្លួនឯង ដូចជាក្បត់អ្នកដទៃ។ បោកគេ គឺបោកខ្លួនឯង។ “មនុស្សដែលពុំស្ពាយសច្ចភាព ពិបាកនឹងអាចបាចសាចសច្ចៈទៅកាន់អ្នកដទៃខ្លាំងណាស់”។
២- តើអ្វីដែលហៅថាការគោរពខ្លួនឯងពិតប្រាកដ? ទស្សនវិជ្ជា ខុង ជឺ (Confucius) បង្ហាញឱ្យមនុស្សចេះមានភក្ដី ចេះមានសេចក្ដីស្រឡាញ់ និងចេះគោរពគ្នា។ មានន័យថា ប្រសិនជាមានចេតនាឱ្យគេគោរព យើងត្រូវចេះគោរពខ្លួនឯងសិន។ ហើយបុគ្គលដែលចេះបាចសាចសេចក្ដីស្រឡាញ់ទៅកាន់បុគ្គលណាម្នាក់បាន លុះត្រាណាតែបុគ្គលនោះបៀមសេចក្ដីស្រឡាញ់ដាក់ក្នុងខ្លួនឯងជាមុនសិន។ កាលណាស្គាល់ខ្លួនឯងច្បាស់ ប្រាកដជាអាចស្គាល់អ្នកដទៃ។ ខ្លួនចង់បានអ្វី អ្នកដទៃក៏ចង់បាននោះដូចគ្នាដែរ។
៣- ក្នុងលោកនេះ គឺមានតែបងហើយនិងប្អូនតែប៉ុណ្ណោះ។ អ្នកប្រាជ្ញរូបវិទ្យា អាល់ប៊ឺត អាញ ស្ដាញ (Albert Einstein) ថា “ខ្ញុំនិយាយទៅកាន់មនុស្សគ្រប់គ្នាតាមរបៀបដូចគ្នា ពុំថាតែគាត់ជាអ្នកប្រមូលសំរាម ឬជានាយកនៃសាកលវិទ្យាល័យទេ”។ ការរៀនសូត្រ ឋានៈលម្អៀងគ្នា ក៏ការគោរពខ្ញុំពុំល្អៀង។ នៅពេលដែលយើងយល់អំពីតម្លៃមនុស្សឱ្យជ្រៅដល់កម្រិតទៅ ការគោរពគ្នា ប្រៀបដូចជាការគោរពព្រលឹង ឬក៏គោរពវត្តមានព្រលឹងរវាងគ្នានិងគ្នាក្នុងភពផែនដីនេះតែប៉ុណ្ណោះ ពុំមែនត្រឹមតែសំបកខ្លួនតែម្យ៉ាងនោះទេ”។
៤- អ្នករៀនសូត្រខ្លះ ស្ពាយសញ្ញាបត្រគរខ្លួន ខ្ពស់ដូចជាភ្នំ តែចរិតលក្ខណៈខ្លះប្រៀបបានដូចជាសំរាម។ ពេលខ្លះចង់ឱ្យគេគោរពខ្លាំងពេក ក៏ក្លាយជាជំងឺរ៉ាំរៃ។ សញ្ញាបត្រធំដុំពេក តែចរិតអ្នកស្ពាយ គ្មានការលត់ដំចេះតែចង់ឱ្យគេគោរព (ប្រមាថជនតូចតាច)។ ពេលខ្លះសម្ដែងទៅចុះ ហើយម្ដងម្កាលខ្ញុំស្ទើរតែស្រក់ទឹកភ្នែកអាណិតអ្នកដែលចង់ឱ្យគេគោរពឱ្យតម្លៃជ្រុល។
៥- កាន់ចុងប៊ិក ប្រៀបបានដូចជាកាន់ក្បាលមេក្រូនិយាយឱ្យមហាជនស្ដាប់។ ចុងប៊ិកខ្លះត្រូវប្រឡាក់ជំងឺតួឯកនិយម ចុងប៊ិកខ្លះមានចរិតបែបប្រៀនប្រដៅ ចុងប៊ិកខ្លះទៀតភ័យខ្លាចគេថាមិនចេះ។ ទោះជាក្នុងកាលៈទេសៈបែបណាក៏ដោយ ឱ្យតែចង់បានការគោរពឱ្យតម្លៃជ្រុលហួលហេតុ ប្រាកដជាអួតអាងហួសហេតុ។ ខ្ញុំដេកមមើ ទន្ទឹមតែពាក្យថា “សកម្មភាព ឮជាងសំឡេង”។ ក្នុងភាសាភាពជាអ្នកដឹកនាំថា “គំរូ គឺសំខាន់ជាងនិយាយ”។
៦- ខ្ញុំស្ដាប់សម្ដីបងប្រុសខ្ញុំនិយាយមួយឃ្លាថា “ដកតែការមានឆន្ទៈជាមួយជាតិ ទោះជាងារបណ្ឌិតក៏គ្មានតម្លៃ ខ្ញុំពុំគោរពទេ”។ ដ្បិតតែខ្ញុំគ្មានសញ្ញាបត្របណ្ឌិត តែខ្ញុំពុំដែលក្រាបលូនចំពោះអ្នកស្ពាយសញ្ញាបត្របណ្ឌិតហួសហេតុទេ ព្រោះខ្ញុំក៏ជាខ្ញុំ អ្នកដទៃក៏ជាអ្នកដទៃ សំខាន់ខ្ញុំពុំប្រមាថជនណាក្នុងភពផែនដីនេះ។ ហើយពេលខ្លះក៏ស្ទើរតែរមៀលទឹកភ្នែកមកម្ដងម្កាល ព្រោះតែអាណិតអ្នកដែលចង់ឱ្យគេផ្ដល់តម្លៃជ្រុល”៕

Comments