កម្មគឺជាប្រធានបទដ៏សំខាន់សំរាប់មនុស្សគ្រប់គ្នា កម្មផ្ទាល់ខ្លួន កម្មអាស្រ័យគ្នា និងសមូហកម្ម(កម្មធ្វើរួមគ្នា) ជាដើម សុទ្ធតែមានផល។ក្នុងសង្គមមួយ ឬគ្រួសារមួយ ទង្វើល្អអាក្រក់របស់សង្គមនោះឬគ្រួសារនោះ នឹងទទួលបានភាពរីករាយ ឬរងទុក្ខរួមគ្នា គឺមកពីផលនៃអំពើឬហៅថាកម្មនេះឯង។ឆ្នាំ២០០៧ចំនួនមនុស្សក្នុងលោកមាន៦៥០០លាននាក់ ប៉ុន្តែរកមនុស្សពីរនាក់ដែលដូចគ្នាបេះបិទទាំងរូបទាំងចិត្តគ្មាន សូម្បីតែកូនភ្លោះមានភេទដូចគ្នាក៏ដោយ តើមកពីអ្វី? ជីវិតទាំងអស់សុទ្ធតែកើតពីអំពើរបស់ខ្លួន គឺអំពើឬកម្មនោះឯងដែលជាអ្នករចនាវិចិត្រ ឲ្យជីវិតខ្លួនឯង។ កម្មគឺជាម្ចាស់របស់ពួកគេ ! ព្រះពុទ្ធលោកជ្រាបរឿងនេះដោយញាណ ទើបលោកប្រដៅពីបញ្ហាកម្មនេះយ៉ាងក្បោះក្បាយ តាមកាយវាចាចិត្តយ៉ាងនេះឯង ! ។

