សីល សម្មាវាចា !

K

សីល សម្មាវាចា !
សម្មាវាចា បានដល់របៀបដែល បុគ្គលអ្នកបដិបត្តិ ប្រើសំដីរបស់ខ្លួន យ៉ាងប្រពៃបំផុត ។ ក្នុងបិដកបាលី មានសេចក្តីពន្យល់ដូច្នេះថាៈ
តើអ្វីជាសម្មាវាចា? ចេតនាជាហេតុវៀរចាក កិរិយាពោលពាក្យកុហក ពាក្យញុះញង់បំបែកបំបាក់ ពាក្យទ្រគោះបោះបោក ពាក្យរាយមាយឥតប្រយោជន៍ នេះឯងហៅថា សម្មាវាចា ។ សមញ្ញផលសូត្រ Samaññaphala Sutta កេវត្តសូត្រ Kevatta Sutta និងចុន្ទកម្មរបុត្តសូត្រ Cunda Kammaraputta Sutta ពន្យល់ថាៈ
កិរិយាបោះបង់ចោល នូវមុសាវាចា (វាចាខុស)...បុគ្គលនោះនិយាយពាក្យពិត ទ្រទ្រង់តាមសេចក្តីពិត មិនប្រែប្រួល គួរឲ្យទុកចិត្តបាន មិនជាអ្នកក្លែងបន្លំក្នុងលោក...។ កិរិយាបោះបង់ចោល នូវបិសុណាវាចា (ពាក្យញុះញង់)...អ្វីដែលបុគ្គលនោះឭ ពីមនុស្សក្នុងទីនេះ មិនយកទៅប្រាប់មនុស្សក្នុងទីនោះ ដើម្បីបំបែកបំបាក់អ្នកទាំងនោះ ពីមនុស្សក្នុងទីនេះ...ដូច្នេះអ្នកដែលបែកបាក់គ្នា ក៏បានជានឹងគ្នាវិញ ឬក៏ពង្រឹងការស្រុះស្រួលគ្នា ដែលគេមានស្រាប់ហើយ...បុគ្គលនោះស្រឡាញ់ ការស្រុះស្រួលគ្នា សេចក្តីរីករាយ ក្នុងការស្រុះស្រួលគ្នា សប្បាយនឹងការស្រុះស្រួលគ្នា និយាយពីអ្វីដែលនាំមកនូវការស្រុះស្រួលគ្នា...
កិរិយាបោះបង់ចោល នូវផរុសាវាចា (វាចាអាក្រក់)...បុគ្គលនោះនិយាយពាក្យ ដែលពិរោះដល់ត្រចៀក ដែលជាទីស្រឡាញ់ ជាទីចូលចិត្ត ជាពាក្យគោរព ដែលធ្វើឲ្យមនុស្សទាំងឡាយ រំភើបនិងរីករាយ...
កិរិយាបោះបង់ចោល នូវសម្ផប្បលាបវាចា (វាចាឥតប្រយោជន៍)...បុគ្គលនោះនិយាយពាក្យត្រូវតាមកាល និយាយអ្វីដែលពិត អ្វីដែលស្របគ្នានឹងទិសដៅ នឹងព្រះធម៌និងព្រះវិន័យ ។ បុគ្គលនោះនិយាយពាក្យ មានតម្លៃ សមគួរដល់កាល ដែលគួរនឹងនិយាយ ដែលមិនចេញក្រៅទិសដៅ ដែលជាប់ទាក់ទង ក្នុងទិសដៅ... ។

Comments