ការស្គាល់ខ្លួនឯង ភាគទីមួយ

K
ទស្សនវិទូបានចំណាយពេលអស់រាប់ពាន់ឆ្នាំមកហើយក្នុងការស្វែងរក "ការស្គាល់ខ្លួនឯង"។ តើខ្ញុំជានរណា? ធ្វើយ៉ាងម៉េចទើបស្គាល់ខ្លួនឯង? ហេតុអ្វីចាំបាច់ត្រូវស្គាល់ខ្លួនឯង? ស្គាល់ខ្លួនឯងទៅបានប្រយោជន៍អ្វីខ្លះ? ហេតុផលក្នុងការស្គាល់ខ្លួនឯងគឺងាយស្រួលគ្រប់គ្រងខ្លួនឯង រកសុភមង្គលឲ្យខ្លួនឯង និងងាយផ្តល់នូវអត្ថន័យជីវិតដល់ខ្លួនឯង ពីព្រោះថាតម្លៃរបស់មនុស្សមិនស្ថិតនៅត្រឹមតែការរស់ដូចសត្វប៉ុណ្ណោះទេ។ ទស្សនវិទូអារីស្តូតយល់ថា "ការស្គាល់ខ្លួនឯង គឺជាចំណុចចាប់ផ្តើមនៃគតិបណ្ឌិត"។ មនុស្ស ដែលរស់នៅជាមួយនឹងខ្លួនឯង ប៉ុន្តែមិនស្គាល់ខ្លួនឯងទៅហើយ តើមនុស្សប្រភេទនេះអាចធ្វើអ្វីដើម្បីជាប្រយោជន៍បានទៅ? ថ្វីត្បិតតែការស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ គឺជារឿងលំបាក ប៉ុន្តែវាមិនលំបាករហូតដល់គ្មានវិធីដើម្បីស្គាល់ខ្លួនឯងនោះទេ។ ផ្នត់គំនិតក្នុងការស្គាល់ខ្លួនឯងនិងការយកឈ្នះខ្លួនឯង គួរតែជាផ្នត់គំនិតវិជ្ជមានដែលមនុស្សម្នាក់ៗគួរប្រកាន់យក ពីព្រោះសុខឬទុក្ខច្រើនតែកើតមកអំពីខ្លួនឯង។ តើយើងគួរធ្វើដូចម្តេចដើម្បីស្គាល់ខ្លួនឯង? ដូចដែរអ្នកបានដឹង ខ្ញុំមិនដូចអ្នក អ្នកក៏មិនដូចខ្ញុំ អ្នកនិងខ្ញុំមិនដូចអ្នកដទៃ ព្រោះមនុស្សម្នាក់ៗ គឺមិនអាចដូចគ្នា ប៉ុន្តែយើងប្រាកដជាមានចំណុចដូចគ្នាជាក់ជាពុំខាន។ ចូរបំភ្លេចចោលចម្លើយឬស្តង់ដាសម្រាប់ការស្គាល់ខ្លួនឯង ដែលមានភាពជាក់លាក់ដូចរូបមន្តវិទ្យាសាស្រ្ត ព្រោះសំណួរនេះមិនមែនជាសំណួរបែបបច្ចេកទេស ហើយក៏មិនមែនជាសំណួរដែលមានចម្លើយតែមួយ។ ដើម្បីស្គាល់ខ្លួនឯង អ្នកគួរពិចារណា១៧ចំណុចសំខាន់ៗដូចខាងក្រោមនេះ៖
១-ស្វែងយល់ពីតម្រូវការរបស់រាងកាយ៖ មនុស្សទាំងអស់អាចរស់នៅបានដោយសារអាហារ ប៉ុន្តែដើម្បីឲ្យមានសុខភាពល្អ និងមានអាយុវែង ត្រឹមតែអាហារមិនគ្រប់គ្រាន់នោះទេ មនុស្សចាំបាច់ត្រូវការអាហារមានជីវជាតិ មានអនាម័យ និងមានវីតាមីនគ្រប់គ្រាន់ជាដើម។ ប៉ុន្តែអ្វីដែលរឹតតែសំខាន់ទៀត នោះគឺ បរិមាណនៃការញុាំអាហារនោះឲ្យបានត្រឹមត្រូវទៅតាមបរិមាណសមល្មមនៃសព៌ាង្គកាយរបស់មនុស្សម្នាក់ៗ។ ដូច្នេះ អ្នកចាំបាច់ត្រូវស្គាល់ពីមុខងារនៃសរីរាង្គនីមួយៗនៅក្នុងខ្លួនរបស់អ្នកជាមុនសិន។

Comments