អ្នកយុទ្ធសាស្រ្តច្រើនតែគិតរកវិធីគ្រប់បែបយ៉ាងដើម្បីសម្រេចគោលដៅចុងក្រោយរបស់ខ្លួន រីឯអ្នកប្រលោមលោកច្រើនតែស្វែងរកភាពផ្អែមល្ហែម ដោយមិនសូវខ្វល់ខ្វាយអំពីតថភាព និងហេតុផលប៉ុន្មាននោះទេ ហេតុដូច្នេះបានជាទស្សនវិទូមិនសូវចាប់អារម្មណ៍ក្នុងរឿងទាំងនេះ ហើយក៏មិនអាចយក រឿងទាំងអស់នេះមកធ្វើជាគោលដៅចុងក្រោយបាននោះដែរ។ អ្នកយុទ្ធសាស្រ្តដែលខ្វះគុណធម៌ឬគុណធម៌ មិនគ្រប់គ្រាន់ច្រើនតែមានគំនិតប្រមាទ និងមើលងាយអ្វីៗគ្រប់បែបយ៉ាង ព្រោះអ្វីៗគ្រប់បែបយ៉ាងសុទ្ធតែត្រូវបានចាត់ទុកជាយុទ្ធសាស្រ្ត ឬមធ្យោបាយ ឬជាឧបករណ៍ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ការយល់ឃើញបែបនេះ គឺជាធម្មជាតិក្នុងការប្រើប្រាស់យុទ្ធសាស្រ្ត និងជាអ្វីដែលមនុស្សខ្វះគតិបណ្ឌិតយកទៅវិនិច្ឆ័យចំពោះអ្វីៗនៅជុំវិញខ្លួន។ ក៏ប៉ុន្តែនៅក្នុងទស្សនវិជ្ជាវិញ មិនមែនខ្វះភាសាដើម្បីវិនិច្ឆ័យបែបនេះ ឡើយ។ ក្នុងទស្សនវិជ្ជា វាមិនមែនមានតែគោលដៅចុងក្រោយ និងឧបករណ៍សម្រាប់សម្រេចគោលដៅ នោះទេ ព្រោះគុណធម៌មិនមែនមានន័យថា ឧបករណ៍ ឬ មធ្យោបាយ ដើម្បីស្វែងរកសុភមង្គលនោះទេ ប៉ុន្តែគុណធម៌ គឺជាធាតុផ្សំដ៏សំខាន់ដើម្បីស្វែងរកសុភមង្គល។ យើងមិនអាចចាត់ទុកភ្នែកជាឧបករណ៍ ត្រចៀកជាឧបករណ៍ ច្រមុះ និងដៃជាឧបករណ៍របស់យើងសម្រាប់រស់នៅបាននោះទេ ប៉ុន្តែភ្នែក ត្រចៀក ច្រមុះ និងដៃ សុទ្ធតែជាធាតុផ្សំដ៏សំខាន់បំផុតរបស់យើងម្នាក់ៗ ព្រោះមនុស្សស្រឡាញ់សរីរាង្គទាំងអស់ និងត្រូវរស់នៅជាមួយគ្នារហូតដល់ថ្ងៃស្លាប់។ មនុស្សមិនអាចប្រើប្រាស់សរីរាង្គរបស់ខ្លួនមួយត្រឹមតែមួយថ្ងៃ រួចបោះបង់ចោលនោះទេ យ៉ាងណាមិញគុណធម៌ក៏បែបនេះដែរ គឺជីវិតដ៏ល្អត្រូវការគុណធម៌ពេញមួយជីវិតដើម្បីបង្កើតជាសុភមង្គល។

