ជីវិតពុទ្ធបរិស័ទ នៅក្នុងការអនុវត្តរបស់យើង អ្វីដែលសំខាន់បំផុតគឺត្រូវដឹងថាយើងមានព្រះពុទ្ធជាបរមគ្រូ យើងជឿជាក់ហើយដើរតាមការប្រៀនប្រដៅរបស់ព្រះអង្គដោយឥតវៀចវេរ ព្រោះយើងពិសោធតាមទៅឃើញថាពិតជាបានរួចចាកទុក្ខពិតមែន យើងជឿជាក់លើច្បាប់កម្មផលថាជារឿងពិត ។ ប៉ុន្តែតាមបញ្ញារបស់យើង យើងអាចដឹងរឿងនេះបានយ៉ាងងាយ តែវាពិបាកទទួលយកបានណាស់ នៅពេលដែលទុក្ខលំបាកធំៗបានមកដល់ ។ សូមកុំឆ្ងល់ពីបញ្ហានេះអី មើលតែសិស្សសាលាទៅណា បើគេមិនចេះមេរៀនទេ គេមិនអាចប្រឡងជាប់ឡើងថ្នាក់បានឡើយ យើងក៏ដូចគ្នា សីល សមាធិ វិបស្សនា បើមិនមានកម្លាំងទេ ក៏មិនអាចកាត់លះកិលេសបានដែរ ពេលទុក្ខមកដល់យើងនៅតែប្រឡងធ្លាក់ដដែល ហេតុនេះត្រូវតែខិតខំបន្តទៀត ។

