ខ្លួន គឺជាទីពឹង

K

ខ្លួន គឺជាទីពឹងដ៏ប្រសើរ។ អ្នកដទៃទោះបី កូនក្តី ភរិយា ក្តី ស្វាមីក្តី ក៏មិនអាចជួយកំចាត់សេចក្តីអាក្រក់ចេញពីខ្លួនយើងបាននោះទេ យ៉ាងច្រើនអាចត្រឹមតែប្រាប់ផ្លូវល្អប៉ុណ្ណោះ។ សូម្បីព្រះពុទ្ធក៏ទ្រង់បង្រៀនឲ្យដុះខាត់ចិត្តខ្លួនឯង កំចាត់អកុសលធម៌ចេញពីចិត្តដោយខ្លួនឯងផងដែរ ព្រោះអរហត្តផល មិនអាចជួយសម្រេចឲ្យគ្នាបាននោះទេ។ការអប់រំចិត្តរបស់ខ្លួន​ជាប្រចាំ​ ការមានសតិគ្រប់ពេលវេលា ការឆ្លុះបញ្ចាំងពីជីវិតជាប្រក្រតី​ ការរក្សាសីលជាទម្លាប់​ ការព្យាយាមកំចាត់អកុសលធម៌​ និងការទូន្មានខ្លួនជារឿយៗ​ទាំងអស់នេះ​ គឺជាប្រភពនៃសេចក្តីសុខ។គុណធម៌ គឺជាអាហារដ៏សំខាន់សម្រាប់ចិត្ត។ ដើម្បីអាចផ្តល់សេចក្តីសុខដល់មិត្តភក្តិ​ ដើម្បីផ្តល់សេចក្តីសុខដល់គ្រួសារ​ និងអ្នកដទៃបាន​ បុគ្គលម្នាក់ៗចាំបាច់ត្រូវមានសេចក្តីសុខរបស់ខ្លួនជាមុនសិន​ ប៉ុន្តែការពោលបែបនេះមិនសំដៅដល់សេចក្តីសុខបែបចង្អៀតក្នុងន័យអាត្មានិយមដោយការបៀតបៀនអ្នកដទៃនោះទេ។ បុគ្គលម្នាក់ៗមានការទទួលខុសត្រូវលើសេចក្តីសុខរៀងៗខ្លួន។ ប្រសិនបើខ្លួនស្រឡាញ់ខ្លួនជាងអ្វីៗទាំងអស់មិននឹងស្វែងរកសេចក្តីសុខឲ្យខ្លួនឯងផង​ តើឲ្យអ្នកដទៃជឿដល់បុគ្គលនោះ និងសង្ឃឹមសេចក្តីសុខពីបុគ្គលនោះដូចម្តេចបាន។ ដូច្នេះដើម្បីអាចផ្តល់សេចក្តីសុខ​ដល់គ្រួសាររបស់ខ្លួន​ ដើម្បីអាចផ្តល់នូវសន្តិភាពដល់មនុស្សទាំងអស់គ្នា​ បុគ្គលម្នាក់ៗចាំបាច់ត្រូវមានវិន័យផ្ទាល់ខ្លួន​ និងត្រូវចេះគ្រប់គ្រងចិត្តរបស់ខ្លួន​ឲ្យបានល្អ​ ទើបសុភមង្គលអាចកើតមានចំពោះខ្លួនឯង​ និងអ្នកដទៃបាន​។

 

Comments