តាមរយៈ សីល សមាធិ បញ្ញា អកុសលចិត្តចេះតែស្លាប់បាត់បណ្តើរៗ តំបូងស្លាប់ សក្កាយទិដ្ឋិ - វិចិកិច្ឆា - សីលព្វត្តបរាមាសៈ បន្ទាប់មកស្រាលស្តើង លោភៈ ទោសៈ មោហៈ ហើយសំយោជនៈក៏របេះដាច់ជាបណ្តើរៗ ទីបំផុតបញ្ញាចាក់ធ្លុះការពិតរហូតអស់អវិជ្ជា អស់មានការសិក្សាតទៅទៀត(អសេក្ខបុគ្គល)អស់តណ្ហា អស់ការមានះប្រកាន់ អស់អំនួតអួតអាង អស់ចេតនាប្រាថ្នាភព អស់វេទនាសោយអារម្មណ៍ អស់សញ្ញាចាំអារម្មណ៍ អស់លោភៈ ទោសៈ មោហៈ សល់តែកិរិយាចិត្ត ធ្វើអ្វីដោយមិនជាប់ប្រកាន់ ឃើញត្រឹមតែឃើញ ឮត្រឹមតែឮ គិតត្រឹមតែគិត ហូបត្រឹមតែហូប មិនមានអាល័យទៅនឹងអ្វី មិនមានការស្រឡាញ់ស្អប់ ក្នុងចិត្តសល់តែបញ្ញានិងសតិបរិសុទ្ធិស្អាត ។ វេលាចុតិបានមកដល់ មរណាសន្នជីវ័នកើតឡើង មិនមានការសោយអារម្មណ៍ទេព្រោះលោកអស់ឧបាទានក្នុងអារម្មណ៍ហើយ គឺចិត្តចុះក្នុង ភវង្គហើយចុតិតែម្តង(ភវង្គ-ចុតិ) ឬចុតិក្រៅទ្វារតែម្តង ។ ចាំណា ! ដំណើរធម៌គឺជាដំណើរលះសុទ្ធសាធ បើយោគាវចរណាមួយធ្វើធម៌ទៅហើយ បែរជាកើតមានះ អំនួត ក្រអឺតក្រទម ក្អេងក្អាង សំគាល់ថាខ្លួនបាននេះបាននោះ នេះជាដំណើរវិបល្លាសទិដ្ឋិ វិបល្លាសចិត្តទេ ! បើជួយបានក៏ជួយ បើជួយមិនបានទេ លះចោលចុះ ! មិនអីទេ អស់យ៉ាងគ្រាន់តែយឺត ឲ្យនៅចាំជួបព្រះពុទ្ធក្រោយទៀតចុះ ! ៕

