អ្នកបើកបររថភ្លើងជនជាតិជប៉ុនម្នាក់ ដែលមេគាត់កាត់ប្រាក់ឈ្នួល ៤៣ យ៉េនដោយសារមកធ្វើការយឺត១នាទី កំពុងប្តឹងថៅកែរបស់គាត់ទារជំងឺចិត្ត ២,២ លានយ៉េន (១៩.៣០២ ដុល្លារ)។ នេះយោងតាមសារព័ត៌មាន Daily Mail សរសេរកាលពីថ្ងៃពុធទី១០វិច្ឆិកា។បុគ្គលិករូបនេះមានកាលវិភាគបើករថភ្លើងទទេទៅស្ថានីយអូកាយ៉ាម៉ានៅភាគខាងត្បូងប្រទេសកាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំមុន ប៉ុន្តែបានមកដល់រថភ្លើងខុសនៅពេលមកទទួលវេនបើកបរបន្តពីអ្នកបើកបរម្នាក់ទៀត។គាត់បានប្រញាប់រត់ទៅកាន់រថភ្លើងត្រឹមត្រូវ ប៉ុន្តែកំហុសនេះបាននាំឱ្យការចេញដំណើរនិងការទៅដល់របស់រថភ្លើងទាំងពីរត្រូវបានពន្យារពេលមួយនាទី ដែលនាំឱ្យក្រុមហ៊ុន West Japan Railway Company (JR West) កាត់ប្រាក់ឈ្នួលគាត់ចំនួន ៨៥ យ៉េនពីកញ្ចប់ប្រាក់ខែសម្រាប់ខែកក្កដារបស់គាត់។ក្រុមហ៊ុន JR West បានប្រកែកថាក្នុងអំឡុងពេលនៃការពន្យារពេលពីរនាទីនោះ "បុគ្គលិកពុំបានបញ្ចេញពលកម្មទេ" ដើម្បីជាលេសកាត់ប្រាក់ឈ្នួល។អ្នកបើកបរបានយករឿងនេះទៅការិយាល័យត្រួតពិនិត្យស្តង់ដារការងារអូកាយ៉ាម៉ា ដែលនាំឱ្យក្រុមហ៊ុន JR West បន្ថយការពន្យារពេលមកត្រឹមមួយនាទី ហើយពិន័យត្រឹមតែ ៤៣ យ៉េន។ប៉ុន្តែបុគ្គលិករូបនោះបានបដិសេធមិនទទួលយកការកាត់ប្រាក់ខែនេះទេ ដោយលើកហេតុផលថា ការយឺតពេល១នាទីនោះមិនបណ្តាលឱ្យមានការរំខានដល់តារាងពេលវេលាទេ ព្រោះរថភ្លើងគឺទទេស្អាតគ្មានមនុស្សទេ។គាត់បានសម្រេចចិត្តយកសំណុំរឿងរបស់គាត់ទៅតុលាការស្រុកអូកាយ៉ាម៉ាកាលពីខែមីនាឆ្នាំ២០២១ ហើយឥឡូវនេះកំពុងស្វែងរកសំណង ១៣ យ៉េនចំពោះការផាកពិន័យ ៤៣ យ៉េនសម្រាប់ការយឺតពេល១នាទី និងទារ ២,២ លានយ៉េនសម្រាប់ "ជំងឺចិត្ត"។ក្រុមហ៊ុន JR West បានលើកឡើងពីគោលការណ៍ "មិនធ្វើការ មិនមានប្រាក់ឈ្នួល" របស់ខ្លួនថាជាការលើកទឹកចិត្តនៅពីក្រោយការកាត់ប្រាក់ឈ្នួលនេះ ដែលខ្លួននិយាយថាត្រូវបានអនុវត្តចំពោះអ្នកដែលមកយឺតឬមិនចូលធ្វើការ។អ្នកបើកបររូបនោះបានចោទប្រកាន់ក្រុមហ៊ុនថាបានប្រើការកាត់ប្រាក់ឈ្នួលជា "ទណ្ឌកម្ម" សម្រាប់កំហុសរបស់មនុស្ស ដោយបន្ថែមថាកំហុសតូចមួយមិនគួរចាត់ទុកថាជាការបំពានកិច្ចសន្យានោះទេ។អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំនៅក្នុងប្រទេសជប៉ុនបានគាំទ្រអ្នកបើកបរ ដោយរិះគន់ថា "គ្នាបើកបររថភ្លើងខ្វះសេរីភាពដើរហើរណាស់ទៅហើយ នៅកាត់ប្រាក់ខែគ្នាទៀត"៕

