តើនិព្វានគឺជាអ្វី ?
Nivanna = និព្វាន , និ គឺដកចេញ វ៉ាណាគឺតណ្ហាដែលជាមូលហេតុនៃទុក្ខ ទាល់តែដកចេញនូវមូលហេតុនៃទុក្ខបានទើបឈ្មោះថាជានិព្វាន។
១- និព្វានបើពោលដោយសភាវៈ មានតែម៉្យាងទេគឺមានការស្ងប់ជាលក្ខណះ «សភាវៈនិព្វានគឺស្ងប់» ដូចជាចិត្តស្ងប់ ចិត្តមិនសៅហ្មងដោយកិលេស ។
២- និព្វានបើពោលដោយខន្ធ មានពីរយ៉ាងគឺ សឧបាទិសេសនិព្វាន គឺរលត់កិលេសឥតសេសសល់ តែខន្ធ៥នៅមាន(ឬនិព្វានរស់) និង សអនុបាទិសេសនិព្វាន គឺរលត់ទាំងកិលេសនិងរលត់ទាំងខន្ធ៥ ហៅថាបរិនិព្វាន(មួយជុំនៃសង្សារវដ្តរបស់ខ្លួន)ក៏បាន ។
៣- និព្វានបើពោលដោយការបដិបត្តិដើម្បីបានដល់គឺមានបីៈ
ក- អនិមិត្តនិព្វានៈ ប្រតិបត្តិអនិច្ចានុបស្សនា បញ្ញាឃើញការប្រែប្រួលកើតរលត់មិនអាចកាន់យកនិមិត្តបាន(អនិមិត្ត)ទើបបានរួចផុតពីការប្រកាន់ក្នុងអារម្មណ៍ ហៅថា អនិមិត្តវិមោក្ខ ឬ អនិមិត្តនិព្វាន ។
ខ- អប្បណិហិតនិព្វានៈ ប្រតិបត្តិទុក្ខានុបស្សនា បញ្ញាកំណត់ឃើញច្បាស់នូវទុក្ខ(ទុក្ខទុក្ខ - សភាវៈទុក្ខ - វិបរិណាមទុក្ខ - ទុក្ខសច្ចៈ - ទុក្ខលក្ខណះ)ទើបបានរួចផុតពីការជាប់ប្រកាន់ក្នុងសុខ ហៅថា អប្បណិហិតវិមោក្ខ ឬ អប្បណិហិតនិព្វាន ។
គ- សុញ្ញត្តនិព្វានៈ ប្រតិបត្តិអនត្តានុបស្សនា បញ្ញាឃើញច្បាស់ថា លោកនេះសូន្យទទេរ សូន្យចាកសត្វបុគ្គល សូន្យចាកតួខ្លួន ចាកវត្ថុជារបស់ខ្លួន (សូន្យមិនមែនមានន័យថាគ្មាននោះទេ វាមានអ្វីៗសព្វយ៉ាងតែវាគ្មានខ្លួនទោលតែឯងដោយការមិនពឹងអាស្រ័យគ្នា គ្មានតួខ្លួនព្រោះអ្វីៗកើតពីបច្ច័យទាំងអស់)។ បញ្ញាឃើញច្បាស់ទើបលះការប្រកាន់ថាជាខ្លួនបាននូវសុញ្ញត្តវិមោក្ខ ឬ សុញ្ញត្តនិព្វាន ។
=>កំណត់ចំណាំៈ លោកិយសមាធិចង់ចូលលោកុត្តរសមាធិគឺទាល់តែបំបែកសក្កាយទិដ្ឋិឲ្យបានជាមុន ទើបចូលលោកុត្តររួចចាកទុក្ខបាន ។ កុំជាប់ក្នុងស្ងប់ វាអត់មានបញ្ញាចេញចាកទុក្ខបានទេ ត្រូវចូលអនុបស្សនាបីខាងលើទើបរកច្រកចេញចាកភពបាន ។ សូមអនុមោទនា ! ។

