នាយកអង្គការសន្តិសុខស្បៀងអ.ស.បនិយាយថា ទ្រព្យសម្បត្តិ២%របស់ Elon Musk អាចដោះស្រាយភាពអត់ឃ្លានមួយពិភពលោក
នាយកកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិយាយថា បុគ្គលមួយចំនួនតូចនៃអ្នកមានបំផុតអាចជួយដោះស្រាយភាពអត់ឃ្លានទូទាំងពិភពលោកជាមួយប្រាក់តែមួយចំណែកតូចនៃទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេប៉ុណ្ណោះ។លោក David Beasley បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី Connect the World របស់ទូរទស្សន៍ CNN ជាមួយ Becky Anderson ដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារ ដោយលើកឡើងជាពិសេសពីបុរសមានជាងគេបំផុតរបស់ពិភពលោកពីររូបគឺលោក Jeff Bezos និង Elon Musk ថា មហាសេដ្ឋីចាំបាច់ត្រូវ "ចេញមុខឡើងឥឡូវនេះក្នុងពេលព្រមគ្នាតែមួយ" ។លោកបានបន្ថែមថា "៦ពាន់លានដុល្លារនឹងជួយមនុស្ស ៤២ លាននាក់ដែលនឹងស្លាប់យ៉ាងពិតប្រាកដ ប្រសិនបើយើងមិនជួយពួកគេ។ វាមិនស្មុគស្មាញទេ" ។នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Musk មានទ្រព្យសម្បត្តិសរុបជិត ២៨៩ ពាន់លានដុល្លារ នេះបើយោងតាម Bloomberg មានន័យថា Beasley កំពុងស្នើសុំការបរិច្ចាគត្រឹមតែ ២% នៃទ្រព្យសម្បត្តិរបស់គាត់គឺល្មមអាចដោះស្រាយវិបត្តិអត់ឃ្លានមួយពិភពលោក។ ទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋីអាមេរិកបានកើនឡើងស្ទើរតែទ្វេដងចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមដោយឡើង ៥,០៤ ទ្រីលានដុល្លារក្នុងខែតុលា នេះបើយោងតាមវិទ្យាស្ថានសិក្សាគោលនយោបាយនិងមណ្ឌលពលរដ្ឋអាមេរិកដើម្បីយុត្តិធម៌ពន្ធ។Beasley បាននិយាយថា "ព្យុះល្អឥតខ្ចោះ" នៃវិបត្តិមួយចំនួនដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ មានន័យថាប្រទេសជាច្រើនកំពុង "ដើរចូលទ្វារទុរ្ភិក្ស" ។ពាក់កណ្តាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន គឺ ២២,៨ លាននាក់ ប្រឈមនឹងវិបត្តិអត់ឃ្លានធ្ងន់ធ្ងរ នេះបើយោងតាមរបាយការណ៍របស់ WFP ចេញផ្សាយកាលពីថ្ងៃចន្ទ។ របាយការណ៍បានសន្និដ្ឋានថា ភាពអត់ការងារធ្វើដែលរីករាលដាល និងវិបត្តិសន្ទនិយភាព មានន័យថាប្រទេសនេះកំពុងឈានទៅរកមាត់ជ្រោះនៃវិបត្តិមនុស្សធម៌ ហើយកុមារ ៣,២ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំកំពុងស្ថិតក្នុងហានិភ័យ៕


