ភាពរីករាយមិនអាចជាទិសដៅជីវិត

K
ផ្លាតូមិនអស់ចិត្តនឹងការសម្រេចចិត្តរបស់សូក្រាតដោយទទួលយកទោសប្រហារជីវិតតាមរយៈការផឹកថ្នាំពុល។ គាត់ក៏ចាប់ផ្តើមស្វែងរកធាតុផ្សំនៃជីវិតដ៏រីករាយ និងធាតុផ្សំនៃជីវិតដ៏មានន័យមួយ។ តើអ្វីដែលអាចមានឥទ្ធិពលលើចរិត និងជីវិតរបស់មនុស្សទាំងមូលបាន? តើយើងគួររស់នៅយ៉ាងដូចម្តេច ដើម្បីឲ្យជីវិតរបស់យើងល្អ? នៅក្នុងទស្សនវិជ្ជារបស់ផ្លាតូ មិនបដិសេធភាពរីករាយ មិនមើលងាយភាពរីករាយ មិនបោះចោលភាពរីករាយចេញពីការស្វែងរកជីវិតដ៏ល្អនោះឡើយ។ មិនខុសពីព្រះពុទ្ធបដិសេធចំពោះអាត្ម័ននៅក្នុងសាសនាហិណ្ឌូ ទស្សនវិទូផ្លាតូបដិសេធភាពរីករាយថា មិនមែនជាអ្វីដែលល្អដោយឥតលក្ខខណ្ឌនោះទេ ព្រោះភាពរីករាយមិនអាចជាគោលដៅចុងក្រោយសម្រាប់ជីវិតឡើយ។ ភាពរីករាយ ត្រូវការការដឹងប្រមាណ(ការញុាំអាហារឆ្ងាញ់ៗ) ភាពរីករាយត្រូវការតម្លៃ (ភាពរីករាយក្នុងការសិក្សា)។ ភាពរីករាយមានតម្លៃទៅបាន គឺអាស្រ័យលើរឿងដែលផ្តល់ភាពរីករាយ និងតម្លៃរបស់រឿងដែលត្រូវរីករាយនោះ។ យើងអាចប្រៀបធៀបភាពរីករាយរបស់សូក្រាតក្នុងការទទួលយកទោសប្រហារជីវិត និងត្រូវបានពិភពលោកទទួលស្គាល់ថា ជាបិតាទស្សនវិជ្ជា ថែមទាំងត្រូវបានគេយកមកសិក្សា និងដើរតាមអស់រាប់ពាន់ឆ្នាំ។ ដោយសារតែភាពរីករាយអាស្រ័យលើកត្តាផ្សេងៗជាច្រើនបែបនេះហើយ ទើបផ្លាតូយល់ថា ភាពរីករាយ គឺមិនមែនជាអ្វីដែលល្អដោយឥតលក្ខខណ្ឌឡើយ។
ភាពរីករាយមិនអាចផ្តល់ទិសដៅឲ្យជីវិតដើរលើផ្លូវដ៏ត្រឹមត្រូវឡើយ ពីព្រោះភាពរីករាយច្រើនតែមានអារម្មណ៍ដឹកមុខ។ តើអ្វីអាចផ្តល់ទិសដៅដ៏ល្អសម្រាប់ជីវិត? នៅក្នុងទស្សនវិជ្ជារបស់ផ្លាតូ ភាពឆ្លាតវៃ ហេតុផល និងគតិបណ្ឌិត គឺជាធាតុស្នូលដ៏សំខាន់ក្នុងការស្វែងរកសុភមង្គល និងអាចផ្តល់ទិសដៅគ្រប់ផ្នែកទាំងអស់ដល់ជីវិតរបស់មនុស្សម្នាក់ៗ។ មនុស្សដែលគិតតែពីសប្បាយ មនុស្សដែលត្រេកត្រអាលតែនឹងភាពរីករាយ មិនអាចមានពេលគ្រប់គ្រាន់ទៅធ្វើរឿងដែលមានប្រយោជន៍ និងរឿងដែលមានគុណធម៌នោះឡើយ ព្រោះរឿងដ៏មានប្រយោជន៍ មិនសូវសម្បូរតែភាពរីករាយ ហើយគោលដៅចុងក្រោយរបស់រឿងមានប្រយោជន៍ ក៏មិនមែនដើម្បីយកតែភាពរីករាយត្រឡប់មកវិញដែរ។ រឿងដ៏មានប្រយោជន៍ផ្តល់មកវិញនូវតម្លៃ អត្ថន័យ និងសុភមង្គល។ ដូច្នេះ ការស្វែងរកត្រឹមតែភាពរីករាយ គឺមិនមែនជាគោលដៅរបស់ទស្សនវិទូ។

Comments