ចៅសូមគោរពជម្រាបសួរលោកតាពីចំងាយ ចៅមានចម្ងល់ចង់សុំលោកតាជួយបកស្រាយបំភ្លឺដល់ចៅដោយក្តីអនុគ្រោះរឿងនេះគឺកើតមានចំពោះក្រុមគ្រួសាររបស់ចៅតែម្តង ចឹងហើយបានចៅសុំលោកតាជួយបកស្រាយបំភ្លឺដល់ចៅនិងគ្រួសារ។
ជីតារបស់ចៅគាត់ទើបតែស្លាប់បាន ៥ - ៦ថ្ងៃនេះទេ ក៏ប៉ុន្តែគាត់ហាក់បីដូចជាអត់ទាន់ទៅចាប់ជាតិសោះ ដោយសារតែ អ្នកផ្ទះរបស់ចៅ មានលោកយាយ ជាប្រពន្ធគាត់ គឺគាត់ដឹងទាំងអស់ហើយពន្យល់សប្តិប្រាប់ កូនចៅ ថា កុំរុករើ កន្លែងគាត់ កុំបើកទូគាត់ (ព្រោះជីតារបស់ចៅគាត់មានបន្ទប់របស់គាត់) ហើយសូម្បីតែចៅ បួសមុខភ្លើង ទៅគេងនៅក្នុងបន្ទប់គាត់ក៏អត់បានដែរ គឺយល់សប្តិថាតាមកវៃ ស្មា វៃដៃ កុំអោយចៅទៅគេងនៅបន្ទប់គាត់ជាដើម នៅមានរឿងផ្សេងៗទៀត។ ចៅចង់ដឹងថា តើពិតជាជីតារបស់ចៅ ពិតមែនឬយ៉ាងណា ចុះហេតុអីគាត់ស្លាប់ហើយនៅតែ អោយកូនចៅយល់សប្តិឃើញ ហើយប្រាប់ថា កុំអោយរុករើកន្លែងគាត់ អញ្ចឹង។ ចៅចង់សុំយោបល់របស់លោកតាជួយបកស្រាយបំភ្លឺដល់ចៅនិងគ្រួសារផងតើ នេះមកពីអ្វីដែរ ? ។ ចៅសូមអរគុណដល់លោកតាខ្លាំងណាស់ដែលបានជួយបកស្រាយដល់ចៅបានដឹង ។
គាត់បដិសន្ធិជាអមនុស្សហើយចៅ ចៅធ្វើសង្ឃទានឧទ្ទិសបុណ្យឲ្យគាត់ ជូនអាហារនំចំណីដល់អ្នកមានសីល ហើយទាំងអស់គ្នា ត្រូវឈប់នឹកនាពីគាត់ទៀត បើនិយាយត្រូវនិយាយថា លោកតាបានទៅកាន់ភពថ្មីហើយ សូមលោកអញ្ជើញទៅសោយសុខនៅសុគតិភពចុះ ! ។ បើនៅតែមិនទាន់បាត់ ត្រូវព្យាយាមធ្វើបុណ្យឧទ្ទិសឲ្យរឿយៗទៅណា មិនអីទេ អ្វីៗមិនទៀងឡើង កើតរលត់ មិនអាចនៅជាប់រហូតទេ គាត់ត្រូវតែដូរភពដូរឋាន ។

