ឆាកជីវិតមនុស្សត្រូវចេះទទួលស្គាល់ពីការលំបាកដែលកើតពីភាពអវិជ្ជមានរបស់ខ្លួនឯង ត្រូវមានភាពក្លាហានទទួលស្គាល់ចំណុចខ្វះខាតទាំងនេះ មិនមែនមានន័យថាយើងជាមនុស្សទន់ខ្សោយនោះទេ ។ ត្រូវព្យាយាមកែប្រែចំណុចខ្វះខាតទាំងនេះចេញ កុំអនុញ្ញាតឲ្យភាពអវិជ្ជមានទាំងនេះធ្វើជាម្ចាស់លើខ្លួនឯងបានឲ្យសោះ ! ។ អ្នកចង់ផ្លាស់ប្តូរស្ថានភាពជីវិតខ្លួនឯង តែអ្នកបែរជាត្អូញត្អែរថា « ខ្ញុំងងឹតអស់ហើយ កម្លាំងចិត្តបានចាកចេញពីខ្លួនខ្ញុំអស់រលីងហើយ » រួចអង្គុយដកតែដង្ហើមធំចោល មិនពិនិត្យមើលខ្យល់ដង្ហើមទេថា តើវាមានអត្ថន័យអ្វីខ្លះនៅក្នុងនោះ ? ។ តើអាចមានការផ្លាស់ប្តូរបានមកពីណា បើអ្នកមិនព្យាយាមធ្វើវាដោយខ្លួនឯងទេនោះ ? អ្នកពិតជាត្រូវការពាក្យលួងលោមលើកទឹកចិត្ត ប៉ុន្តែគ្មានអ្នកណាមកស៌ូជាមួយយើងទាំងយប់ទាំងថ្ងៃនោះទេ ! គេក៏មានទុក្ខផ្ទាល់ខ្លួនគេដែរ ។ វាមិនមែនជាការធ្លាក់ចូលរណ្តៅខ្មៅ(Black hole)ដែលវារចេញវិញមិនបាននោះឯណា បើអ្នកមិនព្យាយាមជួយខ្លួនឯងទេ អ្នកមិនអាចទទួលបានការផ្លាស់ប្តូរក្នុងជីវិតបានឡើយ ! ។ ចូរសេពគប់អ្នកមានបញ្ហាដូចគ្នា ហើយគេបានផ្លាស់ប្តូរស្ថានភាពជីវិតរបស់គេ ! មនុស្សដែលមានផ្លូវចិត្តរឹងមាំ ព្រោះគេបានឆ្លងកាត់បញ្ហាអស់ជាច្រើនមកហើយ ! ។

