ស្លាប់នៅពេលអស់អំណាចពីខ្លួន

K

សម័យមួយស្តេចបសេនទិកោសលកំពុងតែគង់លើដំរីជាព្រះទីនាំង បានទតឃើញព្រះពុទ្ធកំពុងនិមន្តបិណ្ឌបាតដោយបាទាទទេរ មានឥន្ទ្រិយស្រគត់ស្រគំ បញ្ចេញព្រះឆវីវណ្ណស្រស់ត្រកាល ព្រះភ័ក្ត្រញញឹមពព្រាយ ស្តេចមានចំងល់ជាខ្លាំង ! អាត្មាអញខំការពារទ្រព្យនិងអំណាចចង់ងាប់ នៅតែមិនចង់សុខ ចុះព្រះសមណគោតមមានអំណាចមានទ្រព្យ បែរជាមកដើរជើងទទេរ អត់សក់(ព្រះកេសា)អត់ខ្លស់គេបាំងឲ្យ ហើយសំគាល់ថាខ្លួនជាអ្នកបានសុខ តើក្តីសុខនោះដូចម្តេចទៅហ្ន ? គិតរួចហើយស្តេចអង្គនោះបានចុះទៅថ្វាយបង្គំព្រះពុទ្ធរួចហើយទូលសួរតាមរាជតំរិះរបស់ខ្លួន ។ ព្រះពុទ្ធទ្រង់ញញឹមបន្តិចទើបត្រាស់តបថា ៖ មហាបរពិត្រ ! តាថាគតពិចារណារកក្តីសុខរបស់ព្រះរាជាទាំងឡាយមិនឃើញសោះឡើយ ! ដើម្បីការពាររាជបល្ល័ង្គ ព្រះរាជាទាំងឡាយបានប្រមូលយកសុទ្ធតែមេពេជឃ្ឃាតកាចៗ អ្នកជំនាញខាងដាក់ថ្នាំពិស អ្នកជំនាញក្នុងការបាញ់ព្រួញ យកមកនៅក្បែរខ្លួនទាំងយប់ទាំងថ្ងៃ ហើយសំគាល់ថាខ្លួនមានក្តីសុខ ?តថាគតបាននាំយកសុទ្ធតែមនុស្សមានក្តីមេត្តា មានការស្រឡាញ់រាប់អាន ជាអ្នកប្រាជ្ញនឹងជាអ្នកប្រាថ្នាតិច យកមកនៅក្បែរខ្លួនតថាគតមានក្តីសុខទាំងយប់ទាំងថ្ងៃ មិនមានការភ័យបារម្ភពីការក្បត់គ្នា សត្រូវពិតប្រាកដរបស់មនុស្សអាក្រក់គឺជាសាច់ញាតិរបស់ខ្លួនឯង ព្រោះអ្នកដទៃពិតជាមិនអាចមានអ្នកណាម្នាក់អាចបៀតបៀនបានឡើយ ។ ស្តេចស្តាប់ឮហើយមានព្រះទ័យជ្រះថ្លានឹងការប្រៀនប្រដៅរបស់ព្រះពុទ្ធបានថ្វាយបង្គំចាកចេញទៅ ! អ្នកដឹងទេថាតើវាសនារបស់ស្តេចអង្គនេះដូចម្តេចដែរ ? ព្រះអង្គត្រូវសោយទីវង្គតនៅក្រៅរាជសម្បត្តិ(ស្លាប់នៅពេលអស់អំណាចពីខ្លួន)ដេកស្លាប់នៅក្រៅក្លោងទ្វារវាំង ដោយសារតែរាជបុត្រលបជ្រែករាជ ! 

Comments