កត់ទុកទៅណា !
រៀនអំពីអង្គរបស់សីល ! ដើម្បីនិយាយថាដាច់សីលឬដាច់សិក្ខាបទ គឹត្រូវមានការប្រព្រឹត្តឲ្យទាល់តែគ្រប់អង្គរបស់វា សិក្ខាបទខ្លះមានអង្គបី បួន ឬប្រាំជាដើម។
១- បាណាតិបាត(ការសម្លាប់)មានអង្គ៥
ក- សត្វនោះមានជីវិត
ខ- ដឹងក្នុងចិត្តថាជាសត្វមានជីវិត
គ- មានចិត្តគិតនឹងសម្លាប់
ឃ- ព្យាយាមតាមសម្លាប់
ង- សត្វត្រូវបានសម្លាប់ដោយការព្យាយាមនោះ។
សម្លាប់សត្វមានគុណធម៌ខ្ពស់មានបាបច្រើន សត្វមានគុណធម៌មានបាបតិច ទោសនៃការសម្លាប់ គឺធ្វើឲ្យយើងមានទោសក្នុងបច្ចុប្បន្នផងនិងក្នុងអនាគតផង(ជាមនុស្សមានអាយុខ្លី) ។
២- អទិន្នាទានមានអង្គ៥
ក- កាន់យករបស់ដែលមានម្ចាស់គេហួងហែងរក្សា
ខ- ដឹងច្បាស់ថាជារបស់មានម្ចាស់
គ- មានចិត្តគិតថានឹងលួច
ឃ- ព្យាយាមលួច
ង- លួចបានសម្រេច។
ធ្វើបានគ្រប់អង្គទើបហៅថាដាច់សីល ទោសរបស់វាគឺមានក្នុងបច្ចុប្បន្ននិងបរលោក ជាមនុស្សហិនហោចទ្រព្យរក្សាមិនគង់វង់។
៣- មុសា មានអង្គ៤
ក- និយាយរឿងមិនពិត
ខ- ចិត្តគិតនឹងនិយាយឲ្យខុស
គ- ព្យាយាមនិយាយឲ្យខុស
ឃ- គេជឿតាមពាក្យនោះ។
ការដាច់សិក្ខាបទនេះ នាំឲ្យមានទោសក្នុងបច្ចប្បន្ន(ឧស្សាហ៍ត្រូវគេប្រមាទមាក់ងាយ ពេលខ្លះអាចស្លាប់ព្រោះតែអណ្តាត)ទោសក្នុងបរលោក ជាតិទៅមុខជួបតែគេបោក។
បិសុណាវាចា គឺវាចាចាក់រុកស៌កសៀត
ផរុសវាចា វាចាគ្រោតគ្រាតធ្វើឲ្យគេមិនសប្បាយត្រចៀក
សម្ផប្បលាបះ ពាក្យរោយរាយឥតប្រយោជន៍
ពាក្យបីយ៉ាងនេះជាមិច្ឆាវាចា ក៏ជាពាក្យមានទោសសម្រាប់ខ្លួនឯង អត់មានទោសដល់ព្រះទេ កុំបាច់មួរម់ៅ អ្នកណាធ្វើ អ្នកហ្នឹងទទួល ព្រះលោកមានមេត្តា លោកគ្រាន់តែជួយចង្អុលប្រាប់ពីហេតុនាំឲ្យវិនាស និងហេតុនាំឲ្យចម្រើនតែប៉ុណ្ណោះ ។
៤- កាមេសុមិច្ឆាចារះ
ការប្រព្រឹត្តិខុសក្នុុងកាម ក្នុុងផ្លូវលោកចាត់ថាមានទោសគឺការបំពានលើបូរណភាពរាងកាយដោយការមិនយល់ព្រម ហៅថារំលោភ។បើ ដោយការយល់ព្រម នឹងមានទោសតែលើជនមិនគ្រប់អាយុតែប៉ុណ្ណោះ ប៉ុន្តែក្នុងផ្លូវធម៌ គឺល្អិតល្អន់ជាងនេះ សូម្បីតែការឲ្យប្រាក់ដោះដូរផ្លូវភេទក៏នៅតែមានទោសក្នុងផ្លូវសីលធម៌ដែរ (វាអាចជាការផិតក្បត់)បើពិនិត្យទៅលើស្ត្រិ២០ពួកដែលមិនត្រូវប្រព្រឹត្តិកាមជាមួយគឺចប់ជាស្ថាពរ (ស្ត្រីមានមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្រុសរក្សា បងស្រីរក្សា ញាតិរក្សា ធម៌រក្សា មានជាប់ទោស បានពីក្នុងសង្ក្រាម(កុំរំលោភសិទ្ធស្ត្រី) ជាទាសី ....)ចប់ហើយ ក្រៅពីប្រពន្ធត្រឹមត្រូវតាមច្បាប់អត់មានគ្រែទទួលទេ ។ សិក្ខាបទនេះមានអង្គ៤
ក- បានឃើញវត្ថុមិនគួរដល់ការឃើញ។
ខ- មានចិត្តគិតប៉ងនឹងសេព។
គ- ព្យាយាមនឹងសេព។
ឃ- ញ៉ាំងមគ្គនិងមគ្គដល់គ្នា(បានដាក់ប្រដាប់ភេទឲ្យប៉ះគ្នា)។សិក្ខាបទនេះមានទោសក្នុងបច្ចុប្បន្ននិងបរលោក ។
៥- សុរាមេរ័យ គ្រឿងញាណស្រវឹង
មានចិត្តគិតប៉ង បានធ្វើឲ្យកន្លងបំពង់ក មានទោសក្នុងបច្ចុប្បន្នក្លាយជាមនុស្សឆ្កួតវង្វេងនិងទោសក្នុងបរលោក កើតជាមនុស្សងាយឆ្កួតវង្វេង។ឃើញហើយកុំមួរម៉ៅថាព្រះតឹងតែងដាក់ខ្លួន ព្រះលោកមានមេត្តាគ្រាន់តែជួយប្រាប់ពីហេតុចម្រើននិងហេតុវិនាសឲ្យដឹងតែប៉ុណ្ណោះ មិនស្តាប់ទេក៏ហីទៅណា ! គ្មានអ្នកណាមកបង្ខំអ្នកទេ ។ អ្នកណាធ្វើ អ្នកហ្នឹងទទួលទេ!
មិច្ឆាទិដ្ឋិមានអង្គ២
ក- យល់ឃើញខុសពីការពិត
ខ- ប្រកាន់ការយល់ឃើញនោះទុក
ឧ- យល់ឃើញថា កម្មទាំងឡាយមិនមានផល អ្វីៗកើតឡើងឥតហេតុ កម្មទាំងឡាយមិនមានអ្នកធ្វើ មិនមានអ្នកទទួល ។ ម៉ែឪគ្មានគុណ ការបូជាធំតូចឥតផល ។ល។

