បន្ទាប់ពីទទួលបានជោគជ័យក្នុងការលក់ឡានអគ្គិសនី Wuling Hong Guang ដាច់ជាងគេលំដាប់លេខ ២ជាមួយនឹងការលក់បានចំនួន 119,225 គ្រឿង កាលពីឆ្នាំ ២០២០កន្លងមក ពេលនេះក្រុមហ៊ុនចិនកាត់អាមេរិក SAIC GM Wuling Group បាន បញ្ចេញនូវកូនឡានអគ្គសនីសេរីថ្មីមួយទៀតដែលមានឈ្មោះថា Wuling Nano ដែលមិនត្រឹមតែជាកូនឡានអគ្គិសនីដែលតូចជាងគេនោះទេ តែវាក៏មានតម្លៃទាបជាងគេផងដែរ។
រូបភាព៖ Inside EV
បើតាមការឲ្យដឹងពីគេហទំព័រ CarNewsChina, Wuling Nano EV នេះមានតម្លៃប្រមាណ 20, 000 yuan ឬប្រហាក់ប្រហែលនឹង $3, 102។ កូនឡានអគ្គសនីនេះត្រូវបានគេផលិតសម្រាប់ការប្រើប្រាស់ក្នុងក្រុង មានកៅអី ២ មានប្រវែងបណ្ដោយ 2.497m (2.5m) ទទឹង 1.526m (1.52m) និងកម្ពស់ 1.616m (1.62m) ជាមួយនឹងរង្វង់កង់ 1600mm និងរង្វិលជុំត្រឹមតែ 3.8m ធ្វើឲ្យវាងាយស្រួលធ្វើដំណើរនៅផ្លូវចង្អៀត។
Nano EV នេះត្រូវបានបំពាក់មកជាមួយនឹងម៉ូទ័រកម្លាំង 33 សេះ អាចបើកបានដល់ល្បឿន 100km/h ហើយនៅក្រោមកៅអីអង្គុយមានភ្ជាប់មកជាមួយនឹងអាគុយ លីចូមអីយ៉ូង lithium-ion ជាមួយថាមពល 28 kWh។ រាល់ពេលសាកពេញម្ដងវាអាចបើកបរបានចម្ងាយ 305 km ជាមួយនឹងការសាករយៈពេល 13 ម៉ោង កន្លះដោយប្រើប្រាស់ថាមពលអគ្គសនី 220V ប៉ុន្ដែវាអាចប្រើពេលត្រឹមតែ 4 ម៉ោងកន្លះ សម្រាប់ការប្រើប្រាស់ឆ្នាំងសាកលឿនកម្លាំង 6.6 kW។