កម្មនិងឋាមពលដទៃទៀតក្នុងក្រសែចិត្តនៃភពចាស់ ត្រូវបានបញ្ជូនទៅកាន់ក្រសែចិត្តក្នុងភពថ្មី វិបាកចិត្តចុងក្រោយគឺចុតិចិត្តបានផ្លាស់ជាបដិសន្ធិចិត្ត ជាមួយវិបាកចេតសិកនិងកម្មជ្ជរូប រួចហើយបដិសន្ធិចិត្តបានប្តូរទៅជាភវង្គចិត្ត(ចិត្តរក្សាភព)។ប្រសិនបើបុគ្គលនោះបានកើតជាមនុស្សទៀត សភាពនៃចិត្ត ចរិត ឥរិយាបទរបស់គាត់ នឹងមានលក្ខណះដូចគ្នាច្រើនឬតិចទៅនឹងភពមុន ព្រោះហេតុដូច្នេះ កាលបើក្នុងជាតិនេះយើងមិនបានអភិវឌ្ឍចិត្តគំនិតយើងទេ នោះជាតិទៅមុខនឹងកាន់តែពិបាកឡើងជាមិនខាន ! ។ព្រះសារីបុត្តបានពន្យល់ថា ផ្តិលស្ពាន់ដែលទើបតែចាក់ពុម្ពរួច បើគេយកទៅដាក់នៅក្បែរពាងទឹកប្រឡាក់សុទ្ធតែភក់ជ្រាំនឹងត្រូវច្រែសសីុដាច់ធ្លុះធ្លាយអស់ជាមិនខាន ផ្ទុយទៅវិញបើគេយកវាមកដុសខាត់សំអាតរាល់ថ្ងៃ នោះថ្ងៃណាមួយវានឹងរលោងស្អាតលែងមានដុះស្នឹមជាស្ថាពរ ចង់ប៉ះនឹងអ្វីក៏លែងមានច្រែសស្នឹម ចិត្តក៏ដូចគ្នា ឲ្យតែព្យាយាមដុសខាត់បន្តិចម្តងៗ នឹងបានស្អាតនៅថ្ងៃខាងមុខជាមិនខាន ។តើត្រូវដុសខាត់ដូចម្តេច ? សូមហាត់រក្សាសីល ចំរើនសមាធិនិងវិបស្សនា ឈ្មោះថាបានអប់រំដុសខាត់ចិត្តហើយ ចំណែកវិជ្ជាផ្លូវលោកក៏ត្រូវតែសិក្សា ប៉ុន្តែវាមិនបានកាត់ផ្តាច់សង្សារវដ្តបានទេ ! ។

