តើចិត្តមួយណាជារបស់យើង ?

K

តើចិត្តមួយណាជារបស់យើង ?
បើចិត្តដឹងរូបមួយផ្សេងទៅ ចិត្តដឹងសម្លេងមួយផ្សេងទៅ ចិត្តដឹងក្លិន ដឹងរស ដឹងក្តៅត្រជាក់ ដឹងទន់រឹងកំរើកញ័រផ្សេងទៅ ចិត្តខឹងស្អប់ ចិត្តច្រណែន ចិត្តលោភ ចិត្តអាណិតស្រឡាញ់ .....សុទ្ធតែផ្សេងៗគ្នាទាំងអស់ ម៉្ងៃៗកើតមួយរលត់មួយ រលត់មួយកើតមួយ បន្តជាប់គ្នារដឹក តើចិត្តមួយណាជារបស់យើង តើចិត្តមួយណាជាយើងឲ្យប្រាកដ ? នេះហើយអនត្តាធម៌ មិននៅក្រោមអំណាច បង្គាប់បញ្ជាមិនបាន ប្រព្រឹត្តិទៅតាមហេតុបច្ច័យ មិនមែនតួខ្លួន មិនមែនជារបស់ខ្លួននោះ ! ។ មានត្រឹមតែសតិតាមដឹងខុសត្រូវ បញ្ញាតាមលះការគិតខុសតែប៉ុណ្ណោះគឺអស្ចារ្យក្រៃពេកណាស់ទៅហើយ ! ។ ចុះព្រះពុទ្ធកើតមកពីណា ? ឆ្លើយថា ព្រះពុទ្ធកើតមកពីព្រះពោធិសត្វដែលជាតួចេតនាការពេញចិត្តនោះឯង ! ។ ហេតុនេះអ្វីដែលត្រូវប្រុងប្រយ័ត្នគឺ ៖
១- តួចេតនាៈ ដាំពួជកុសលបានផលជាកុសល ដាំពួជអកុសលទទួលផលអកុសល ។
២- ការហ្វឹកហាត់ឲ្យកើតសតិបញ្ញាៈ គឺហ្វឹកហាត់ក្នុងសតិប្បដ្ឋានបួនដែលក្នុងនោះសង្គ្រោះដោយ សីល - សមាធិ - បញ្ញា មានពេញបរិបូណ៌ក្នុងនោះហើយ ។ សាធុជនបំពេញបានយ៉ាងណា គឺដើម្បីឆ្លងកាត់បញ្ហាជីវិតដោយខ្លួនឯងទេ ឆ្លងរួចមិនរួចគឺឋិតនៅលើការខិតខំសន្សំសតិបញ្ញាដោយខ្លួនឯងតែប៉ុណ្ណោះ ។ ការស្តាប់អ្នកដទៃគឺដើម្បីកើតសុតៈមយបញ្ញា ទើបខ្លួនឯងយកមកត្រិះរិះពិចារណាឲ្យកើតចិន្តាមយបញ្ញា ហើយចូលឲ្យដល់ភាវនាមយបញ្ញាពិនិត្យពិច័យដោយខ្លួនឯង ។ គ្រូធម៌គឺដូចជាចុងភៅ ហូបម្ហូបគាត់ហើយបើបានស្រួលខ្លួន ហូបតទៅទៀតទៅ បើហូបទៅនៅតែឈឺពោះ(នៅតែយកទៅដោះស្រាយបញ្ហាមិនបានរួចខ្លួនទេ)ដើរចេញទៅ ! ទៅរកចុងភៅថ្មីទៅណា ទៅរកមុខម្ហូបណាដែលកបជាមួយអាធ្យាស្រ័យខ្លួនចុះ ! ជីវិតនិងធម្មៈគឺតែប៉ុណ្ណឹងឯង វាគ្មានអីលើសពីនេះទេ ! ចប់ !

Comments