និទានកំសាន្តចិត្ត !

K

និទានកំសាន្តចិត្ត !
១- ការចេះជួយលើកទឹកចិត្តគ្នា
ថ្ងៃនេះម្តាយក្មេកគ្រុនខ្លាំង នាងជាកូនប្រសារបានដាំបបរជូនលោក តែលោកសំរាន្តលក់នៅឡើយ នាងបានដាក់ចានបបរនិងត្រីខក្បែរគ្រែរួចនាងបានទៅដងទឹកអណ្តូងចាក់ពាង ។ លុះត្រឡប់មកវិញក៏ឃើញឆ្កែកំពុងសុីត្រីខក្នុងចាន នាងសោកស្តាយចំពោះកំហុសនេះខ្លាំងណាស់ ចង់វាយឆ្កែក៏មិនបានមកវិញក៏អង្គុយយំ ។ ពេលម្តាយដឹងខ្ឡួនគាត់បានលួងលោមកូនថា ឈប់យំទៅកូន ! ខុសមកពីម៉ែ រវល់តែដេកលក់មិនដឹងថាកូនខំយកបបរមកឲ្យ ។ ពេលនោះតាជាប្តីយាយបានមកពីពិសាកាហ្វេគាត់បានដឹងរឿងហើយក៏ពោលថា រឿងនេះខុសមកពីពុកទេ ដឹងថាកូនមានការរវល់បែរជាមិននៅចាំជួយកូនសិន ឈប់យំទៅកូនពុក ! រំពេចនោះប្តីបានមកពីស្រែ លុះដឹងរឿងហើយបានមកលើកប្រពន្ធឲ្យអង្គុយហើយពោលថា រឿងនេះខុសមកពីបងទាំងអស់ ពេលទៅស្រែមិនបានហៅឆ្កែទៅតាម ឲ្យបងសុំទោស ! ថាហើយក៏យកដៃអង្អែលក្បាលឆ្កែរួចចាក់បបរលាយឲ្យឆ្កែសីុ រួចដើរទៅដួសបបរនិងម្ហូបជូនម្តាយជាថ្មី ។ ទាំងអស់គ្នាសុទ្ធតែយល់ច្បាស់ក្នុងចិត្តថា រឿងកន្លងហួសឲ្យវាហួសទៅចុះ វាមិនអាចត្រឡប់ក្រោយវិញបានឡើយ ការចាប់កំហុសគ្នាគឺជារឿងឥតប្រយោជន៍ មនុស្សគ្មានអ្នកណាចង់មានកំហុសនោះឡើយ ។ សូមចេះលើកលែងទោសឲ្យអ្នកដទៃ និងចេះអភ័យទោសឲ្យខ្លួនឯង កុំមានវិប្បដិសារីយ៍រហូតដល់ថ្នាក់ធ្វើបាបខ្លួនឯងស្ទើរស្លាប់ស្ទើររស់ឲ្យសោះ។ តែមនុស្សនេះណា ចេះតែចង់ឲ្យគេលើកលែងទោសឲ្យខ្លួនទេ ខ្លួនឯងមិនចេះលើកលែងទោសឲ្យអ្នកដទៃឡើយ សូម្បីតែគ្នាបានសូមទោស ព្រមទទួលកំហុសរួចហើយក៏ដោយ នៅតែចងគំនុំសងសឹក ខ្លះរហូតដល់លែងចេះលើកលែងទោសឲ្យខ្លួនឯងទៀតផងក៏មានដែរ ។
រឿងសេកចេះនិយាយ
នោផ្សាលក់សត្វមានសត្វឆ្លាតៗច្រើនប្រភេទណាស់ បងប្រុសម្នាក់បានសួរអ្នកលក់សេក មួយនេះថ្លៃប៉ុន្មានបង? ៣០០ដុល្លារ! ។ ហើយវាចេះអីខ្លះបានជាថ្លៃម្ល៉េះបង ? មិនមើល ខ្សែនៅជើងវាទេឬ បើគេកន្ត្រាក់ជើងឆ្វេងវានិយាយបារាំង បើកន្ត្រាក់ជើងស្តាំវានិយាយអង់គ្លេស !។ ចុះបើកន្ត្រាក់ទាំងពីរនោះបង ? ស្រាប់តែសេកស្រែកថា កន្ត្រាក់ទាំងពីរមិនធ្លាក់អញទេអីអាឡប់ ? អ្នកទិញលឺដូច្នេះស្រែកថា មកបងខ្ញុំទិញវា ! ។

Comments