ការលះអនុស័យទាំង៧គឺលះដោយសីល សមាធិ វិបស្សនា មិនអាចខ្វះមួយណាបានឡើយ ។
១- កាមរាគានុស័យៈ វាជាធម្មជាតិស្អិតខ្លាំងណាស់ តើមានបុគ្គលណាខ្លះដែលលោតផុតពីអន្លុងកាមបានទៅ ? កុំសើចយំគ្នាអី មានតែខំប្រឹងរៀងខ្លួនតែប៉ុណ្ណោះ ។ អ្នកលោតផុតពីអន្លុងកាមបាន គិតចាប់ពីព្រះអានាគាមីឡើងទៅ សោតា សកទានៅមិនទាន់លះបានតែលោកក៏មិនដាច់សិក្ខាបទកាមេពាសវាលពាសកាលដូចបុថុជ្ជននោះទេ ។ សន្សំហេតុដើម្បីលះវាគឺ សំរួមក្នុងអាហារ សម្រួមឥន្ទ្រិយ នៅឲ្យឆ្ងាយពីមាតុគ្រាម បន្តឹងសីល សមាធិ វិបស្សនាឲ្យមុតមាំ ។ បញ្ញាត្រូវយល់ឲ្យច្បាស់ថា កាមតណ្ហាគឺមិនចេះឆ្អែតនោះទេ វាដូចជាផឹកទឹកសមុទ្ទ កាន់តែផឹកគឺកាន់តែស្រេក បើវាមិនចេះឆ្អែតដដែលទេ គឺមានតែឈប់ទើបចប់ កុំបន្ទាបបន្ថោកតម្លៃជីវិតព្រោះតែកាមឲ្យសោះ ។
២- បដិឃានុស័យៈ ការគិតឲ្យកើតថ្នាំងថ្នាក់ចិត្ត គិតឲ្យកើតកំហឹងគឺបំផ្លាញខ្លួនឯងទេ ត្រូវតាមគំនិតនេះឲ្យទាន់ហើយពន្លត់វាចោល ។
៣- មានានុស័យៈ ការគិតប្រៀបធៀបឲ្យឃើញថា ខ្លួនស្មើគេ ខ្លួនអន់ជាងគេ ខ្លួនគ្រាន់បើជាងគេគឺជាគំនិតអត់ប្រយោជន៍ ដឹងទាន់លះវាចោលភ្លាម ។
៤- ទិដ្ឋានុស័យៈ ការគិតឃើញហើយប្រកាន់គំនិតខ្លួនឯងថាត្រូវគ្រប់យ៉ាងគឺជាការខុសឆ្គងមួយយ៉ាងធំ ព្រោះបានបំផ្លាញបញ្ញាខ្លួនឯង បិទការសិក្សាពីអ្នកដទៃ ។ ទិដ្ឋិនិងបញ្ញាងាយច្រឡំគ្នាណាស់ ត្រូវមើលវាឲ្យច្បាស់ វានាំតែការបែកបាក់មកឲ្យខ្លួនតែប៉ុណ្ណោះ ។
៥- វិចិកិច្ឆានុស័យៈ សេចក្តីសង្ស័យចំពោះការពិត យើងអាចជំរះវាបានដោយការសន្ទនាជាមួយសប្បុរស ។
៦- ភវរាគានុស័យៈ ការប្រាថ្នាភព ប្រាថ្នាកើតទៀតដែលជួបតែទុក្ខ យើងអាចលះបានដោយការយល់ពីទុក្ខ ។
៧- អវិជ្ជានុស័យៈ ភាពល្ងង់ខ្លៅអាចបំបែកបានដោយការសិក្សាព្រះធម៌និងការបដិបត្តិព្រះធម៌ ។ អនុស័យប្រែថាជាកិលេសដ៏ល្អិតដែលដេកត្រាំក្នុងខន្ធសន្តាន មកជាយូរលង់រាប់កប្បមកហើយ វាជាធម្មជាតិជាប់តាមមកស្រេចស្រាប់ ព្រោះរូបកាយធ្វើពីអាតូមដែលមិនឆ្អែតស្រាប់ កើតមកហើយគឺដឹងតែពីទាមទារតែម៉្យាងគត់ ការបំបែកវាត្រូវប្រើពេលយូរជាងគេ តែកុំអស់សង្ឃឹមឲ្យសោះ ព្រោះព្រះពុទ្ធធ្វើបានសម្រេចហើយ ។

