ប្រធានអង្គការសុខភាពពិភពលោក (WHO) ......

K

ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការព្រួយបារម្ភកាលពីថ្ងៃអង្គារទី៣០ ខែវិច្ឆិកាថា រដ្ឋមួយចំនួនកំពុងដាក់ចេញនូវវិធានការបិទខ្ទប់លឿនពេកដើម្បីទប់ទល់នឹងមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ដែលលោកនិយាយថា "មិនផ្អែកលើភស្តុតាងឬចូលជាធរមានដោយខ្លួនឯង" ហើយកំពុងដាក់ទណ្ឌកម្មបណ្ដាលប្រទេស​អាហ្វ្រិកភាគខាងត្បូង ​ដែលបាន​រាយការណ៍​អំពីមេរោគបំប្លែងខ្លួនយ៉ាងរហ័ស។ក្នុងសុន្ទរកថាទៅកាន់រដ្ឋសមាជិកចំនួន ១៩៤ របស់ WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានជំរុញឱ្យពួកគេចាត់វិធានការ "កាត់បន្ថយហានិភ័យសមហេតុផល" ដោយអនុលោមតាមបទប្បញ្ញត្តិសុខភាពអន្តរជាតិឆ្នាំ ២០០៥ របស់ទីភ្នាក់ងារនេះ។លោកតេត្រូសបាននិយាយថា "យើងនៅតែមានសំណួរច្រើនជាងចម្លើយអំពីផលប៉ះពាល់របស់មេរោគអូមីក្រុងលើការចម្លង ភាពធ្ងន់ធ្ងរនៃជំងឺ និងប្រសិទ្ធភាពនៃការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំង" ។រាយការណ៍ដំបូងទៅអង្គការសុខភាពពិភពលោកនៅទ្វីបអាហ្រ្វិកភាគខាងត្បូងតិចជាងមួយសប្តាហ៍មុន មេរោគបំប្លែងថ្មីនេះបានរីករាលដាលយ៉ាងឆាប់រហ័សពាសពេញទ្វីបអាហ្វ្រិក ដោយប្រទេសរាប់សិបបានប្រកាសពីការរឹតបន្តឹងការធ្វើដំណើរ។ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះបានព្រមានប្រឆាំងនឹងការរឹតបន្តឹងបែបនេះ ដោយបារម្ភថាការបិទការធ្វើដំណើរពីបណ្ដាលប្រទេសដែលរកឃើញមេរោគប្រភេទថ្មីដំបូងគេគឺជារឿងអយុត្តិធម៌និងរារាំងដល់ការឃ្លាំមើលមេរោគ។លោកតេត្រូសបាននិយាយថា "ខ្ញុំសូមអរគុណប្រទេសបុតស្វាណានិងអាហ្វ្រិកខាងត្បូងសម្រាប់ការរកឃើញ ការធ្វើ Sequencing និងការរាយការណ៍អំពីមេរោគបំប្លែងខ្លួនថ្មីនេះយ៉ាងឆាប់រហ័ស" ដោយបន្ថែមថា វាធ្វើឱ្យខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងដែលប្រទេសទាំងនោះឥឡូវនេះកំពុងត្រូវបានពិន័យដោយអ្នកផ្សេងទៀតសម្រាប់ការធ្វើរឿងត្រឹមត្រូវ"។អ្នកវិទ្យាសាស្ត្រនៅអាហ្រ្វិកខាងត្បូងបាននិយាយថា ពួកគេបានរកឃើញមេរោគបំប្លែងថ្មីជាមួយនឹងការបំប្លែងរូបរាងយ៉ាងហោចណាស់ ១០ ហើយ WHO បានព្រមានថាវាបង្កហានិភ័យ "ខ្ពស់ណាស់" នៅទូទាំងពិភពលោក។ក្នុងពេលជាមួយគ្នានេះដែរ លោកតេត្រូសបានសង្កត់ធ្ងន់ថាគេនៅតែមិនច្បាស់ថាតើមេរោគបំប្លែងខ្លួនថ្មីនេះមានគ្រោះថ្នាក់កម្រិតណា។ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនអាចយល់បានថាប្រទេសនានាចង់ការពារពលរដ្ឋរបស់ពួកគេ "ប្រឆាំងនឹងមេរោគបំប្លែងខ្លួនដែលយើងមិនទាន់យល់ច្បាស់នៅឡើយ"។"ប៉ុន្តែខ្ញុំមានការព្រួយបារម្ភដូចគ្នា ដែលរដ្ឋជាសមាជិកមួយចំនួនកំពុងដាក់ចេញនូវវិធានការមិនច្បាស់លាស់ ដែលមិនផ្អែកលើភស្តុតាង ឬចូលជាធរមានដោយខ្លួនឯង ហើយដែលនឹងធ្វើឱ្យវិសមភាពកាន់តែអាក្រក់ទៅៗ"។លោកតេត្រូសក៏បានគូសបញ្ជាក់ពីភាពមិនស្មើគ្នានៃវ៉ាក់សាំងដែលមើលឃើញមានការផ្គត់ផ្គង់ច្រើនក្រៃលែងនៅក្នុងប្រទេសអ្នកមាន ដែលកំពុងចាប់ផ្តើមចាក់ដូសជំរុញ ខណៈប្រទេសក្រីក្រងាយរងគ្រោះបំផុតនៅកំពុងរង់ចាំថ្នាំចាក់ដូសដំបូងមិនទាន់បានផង។អ្នកជំនាញផ្នែកសុខភាពបានព្រមានជាយូរមកហើយថា ការអនុញ្ញាតឱ្យកូវីដ១៩រីករាលដាលដោយមិនឈប់ឈរនៅកន្លែងខ្លះ គឺបង្កើនឱកាសយ៉ាងខ្លាំងឱ្យមានមេរោគបំប្លែងខ្លួនកាន់តែគ្រោះថ្នាក់បន្ថែមទៀតលេចឡើង ដែលដាក់ពិភពលោកទាំងមូលប្រឈមនឹងហានិភ័យ៕

Comments