ចំពោះមនុស្សមួយចំនួនគាត់មិនសូវចូលចិត្តពិសាកាហ្វេទេ ទោះបីជាដាក់ស្ករច្រើន ប៉ុន្មានក៏គាត់មិនអាចទប់ទល់ជាមួយនឹងរសជាតិរបស់វាបានដែរ។ ចំណែកឯអ្នកខ្លះទៀតគិតថា ការពិសាកាហ្វេខ្មៅដោយមិនដាក់ស្ករសោះ បែរជាមានឱជារសឆ្ងុយឆ្ងាញ់ទៅវិញ ធ្វើឱ្យគាត់មានកម្លាំងធ្វើការ និងស្រស់ស្រាយទៀតផង។ ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំថា បុគ្គលដែលអាចពិសាកាហ្វេបានដោយគ្មានស្ករក៏ធ្លាប់ ជាមនុស្សដែលមិនអាចខ្វះស្ករនៅក្នុងកាហ្វេរបស់គាត់ដែរ។ តែគាត់ពេល នេះបែរជាពេញចិត្តនឹងរសជាតិដ៏ល្វីងរបស់កាហ្វេទៅវិញ ដោយសារគាត់បានស្វែងរករសជាតិផ្អែមពីធម្មជាតិនៃរសជាតិល្វីងរបស់កាហ្វេរួចទៅហើយ។
ជីវិតរបស់យើងក៏មិនខុសពីការពិសាកាហ្វេដែរ យើងត្រូវតែជួបភាពល្វីងជូរចត់ ការបរាជ័យ ការមាក់ងាយពីសំណាក់អ្នកដទៃ និងភាពអាម៉ាស់ជាច្រើនទៀត ទើបយើងអាចជួបជាមួយនឹងភាពជោគជ័យ ឬមួយក៏សុភមង្គលមួយពេញលេញបាន។

