"ម៉ែ" នារីម្នាក់នេះគឺប៉ិនកុហកណាស់

K
kimhouy

នារីម្នាក់នេះគឺប៉ិនកុហកណាស់ តាំងពីខ្ញុំនៅក្មេង គាត់ប្រៀនប្រដៅខ្ញុំ កុំឱ្យចេះរៀនកុហក ពីព្រោះវាមិនល្អឡើយ។ កុហកគឺអាចធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់យើងអស់ទំនុកចិត្ត និងពេលខ្លះក៏ខកចិត្តចំពោះទង្វើររបស់យើងថែមទៀត។ ប៉ុន្តែគាត់វិញគឺជាអ្នកកុហកលេខមួយ។ គាត់ចូលចិត្តកុហកថា គាត់មិនអីទេ គាត់មិនហត់ទេ គាត់មិនឃ្លានទេ គាត់មិនឈឺទេ ទាំងដែលការពិតគឺផ្ទុយពីអ្វីដែលគាត់បានប្រាប់ខ្ញុំ។ នៅថ្ងៃមួយដែលគាត់ឈឺ ហើយនៅតែថាមិនអី ថ្ងៃនោះហើយដែលខ្ញុដឹងថា គាត់រៀនចេះកុហក ក៏ព្រោះតែខ្ញុំ។ ដោយសារតែគាត់លំបាកបែបនេះហើយ ទើបគាត់ខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យកូនៗគាត់មានជីវិតប្រសើរ ភ្លឺស្វាង កុំឱ្យលំបាកដូចគាត់។ ដូច្នេះដើម្បីកុំឱ្យខ្ញុំខ្វាយខ្វល់ច្រើន នារីម្នាក់នេះមិនដឹងរៀនចេះកុហកពីណាមកទេ ហើយគាត់កុហកបានសមបំផុតទៀតផង។ 

នារីម្នាក់មានឈ្មោះថាម៉ែនេះហើយ ដែលធ្វើឱ្យជីវិតខ្ញុំមើលឃើញតម្លៃនៃជីវិតកាន់តែច្បាស់ ពីព្រោះតាមរយៈការលំបាករបស់គាត់ធ្វើឱ្យខ្ញុំខិតខំទ្វេរដង ពីព្រោះខ្ញុំគ្រាន់តែសង្ឃឹមថានៅថ្ងៃមួយដែលខ្ញុំអាចសម្រេចគោលបំណងបាន នារីម្នាក់នេះនឹងនិយាយពាក្យពិត ហើយឈប់កុហកពួកយើងទៀត។

Comments