“ព្រោះយើងជាអ្នកជ្រើសរើស”

K
kimhouy
ជីវិតជារបស់យើង ជ្រើសរើសបានជម្រើសខុស ឬត្រូវ ជម្រើសល្អ ឬអាក្រក់ វាក៏ជាការជ្រើសរើសរបស់យើង។ ថ្វីបើដើរថយក្រោយមិនបាន ប៉ុន្តែរឿងទាំងអស់នោះយើងអាចរៀនសូត្របានទេតើ ឱ្យតែយើងតាំងចិត្តចង់ដើរបន្តទៅមុខទៀត។ មនុស្សម្នាក់ៗមានវិថីជីវិតជារបស់ខ្លួន ចួបបញ្ហា អ្វីក៏ដោះស្រាយបញ្ហានោះទៅ ហើយបើបញ្ហាខ្លះ វាលើសពីសមត្ថភាពដោះស្រាយរបស់យើង ក៏ទុកវាសិនទៅ។ ស្នាមរបួសនឹងជាដោយថ្នាំ ប៉ុន្តែរបួសខ្លះគ្មានស្នាមទេ ហើយថ្នាំដែលប្រើក៏មិនមែនដើម្បីកុំឱ្យមានស្នាមដែរ តែគឺដើម្បីកុំឱ្យវាឈឺចាប់។

យើងម្នាក់ៗមានរឿងជាច្រើនដែលមិនធ្លាប់បាននិយាយចេញមក សូម្បីតែជាមួយមនុស្សដែលយើងចំណាយពេលរស់នៅជាមួយច្រើនបំផុតក៏ដោយ ក៏ពួកគេមិនធ្លាប់បានដឹង បានឮពីរឿងទាំងអស់នោះដែរ។ ពាក្យស្រឡាញ់ដែលយើងមិនធ្លាប់បាននិយាយប្រាប់មនុស្សដែលយើងស្រឡាញ់បំផុត។ ពាក្យសុំទោសដែលយើងមិនធ្លាប់បានប្រើជាមួយមនុស្សដែលយើងសាងកំហុសជាមួយច្រើនបំផុត។ ពាក្យអរគុណដែលយើងមិនធ្លាប់និយាយទៅកាន់មនុស្សដែលធ្វើល្អជាមួយយើងរហូតមក។ រឿងជាច្រើនដែលបានកប់ទុកនៅក្នុងជម្រៅដួងចិត្តរបស់យើង បើវាមានកាន់តែច្រើនឡើងៗ ថ្ងៃមួយយើងក៏ភ្លេចថា តើវាមានរឿងអ្វីខ្លះបានកើតឡើង។

មនុស្សគ្រប់គ្នាមានរឿងដែលមិនធ្លាប់បាននិយាយប្រាប់អ្នកដទៃឱ្យបានដឹង។ ហេតុអ្វី? ព្រោះរឿងដែលយើងចង់ឱ្យអ្នកដទៃបានដឹង វាមិនមែនសុទ្ធតែជារឿងពិតទេ។ ចួនកាល យើងកុហកមនុស្សគ្រប់គ្នាពីរឿងដែលបានកើតឡើង ហើយយើងនិយាយតែពីរឿងដែលចង់ឱ្យពួកគេមានអារម្មណ៍ល្អ ឬក៏ចង់ឱ្យពួកគេជឿទៅលើរឿងដែលយើងបានប្រាប់។ រឿងដែលយើងមានគឺរឿងដែលយើងមិនបានប្រាប់ ហើយបើសិនជាបាននិយាយប្រាប់គេឯងអស់ទៅហើយ វាចាត់ទុកថាគ្មានរឿងអ្វីទៀតទេ។ លើលោកនេះ ក្រៅពីមនុស្សម្នាក់គឺខ្លួនឯង ពុំមាននរណាម្នាក់ដែលអាចស្គាល់យើងនោះទេ ហើយមួយជីវិតនេះ បើមិនស្វែងរកខ្លួនឯង ក៏មិនដឹងថាត្រូវស្វែងរកនរណាដែរ។

Comments