ជីវិតអាពាហ៍ពិពាហ៍មួយដែលស្ថិតនៅយូរអង្វែងគឺការផ្ដល់ឱ្យគ្នា ទាំងពេលវេលា ទាំងភាពកក់ក្ដៅ និងក្ដីសណ្ដោសប្រណីយ៉ាងច្រើនដល់គ្នាទៅវិញទៅមក។ ស្ត្រីមិនរង់ចាំការផ្ដល់ឱ្យពីខាងបុរស ចំណែកឯបុរសក៏ពុំរង់ចាំការយកចិត្តពីមនុស្សស្រីដែលខ្លួនស្រឡាញ់ គឺទាំងសងខាងរមែងនឹកគិតរកអ្វីផ្ដល់ឱ្យគ្នាទៅវិញទៅមកជានិច្ច។ ទាំងនេះហើយជាមូលហេតុដែលនាំឱ្យជីវិតគូបានចួបប្រសព្វនូវសេចក្ដីសុខ និងសុភមង្គលយូរអង្វែង។
គ្មានគូណាដែលមិនឈ្លោះគ្នា មិនទាស់គ្នាខ្លះទេ ហើយក៏គ្មានគូណាដែលមានគំនិតស្របគ្នាទាំងស្រុង ពុំដែលជំទាស់នោះដែរ តែដែលសំខាន់គឺពេលមានបញ្ហាកើតឡើង មានមនុស្សម្នាក់ព្រមស្ងាត់ និងអត់ធ្មត់សង្កត់ចិត្តសិន។ អារម្មណ៍ខឹងងាយនឹងកើតឡើងណាស់ តែពាក្យសម្ដីខ្លះ បើបណ្ដោយឱ្យរបូតចេញពីមាត់ទាំងពេលកំពុងតែខឹងឆេះឆួល វាមិនអាចលេបវិញបានទេ។ ហេតុនេះ ការមិននិយាយពេលកំពុងខឹង ជារឿងល្អបំផុត ព្រោះដំណោះស្រាយល្អ តែងរកឃើញពេលមនុស្សជជែកគ្នាដោយសន្តិវិធី។
ស្នាមញញឹមដំបូងអាចជាមូលហេតុដែលធ្វើឱ្យមនុស្សពីរនាក់ស្គាល់គ្នា តែបើមនុស្សពីរនាក់រស់នៅជាមួយគ្នាដោយគ្មានការផ្ដល់ឱ្យ និងការទទួលបាននូវស្នាមញញឹមទេ ជីវិតគូនោះគឺរស់នៅជាមួយគ្នាដោយមានអ្នកម្ខាងគ្រាំចិត្ត ឬត្រូវទ្រាំរស់នៅជាមួយគ្នាទាំងឈឺចាប់មិនខានឡើយ។

