រឿងដែលពិបាកទ្រាំបំផុតគឺ ទ្រាំជាមួយការអត់ទ្រាំចំពោះរឿងដែលមិនគួរនឹងអត់ទ្រាំ។ ការរង់ចាំឱ្យពេលវេលាកន្លងផុតទៅ វានឹងយូរជាងធម្មតា ប៉ុន្តែកុំគ្រាន់តែរង់ចាំដោយឥតប្រយោជន៍សូមធ្វើអ្វីម្យ៉ាងដែលមានប្រយោជន៍ចំពោះខ្លួនឯងខ្លះផង។ រៀនរស់នៅជាមួយស្ថានភាពរបស់យើង ហើយរៀនឆ្លងកាត់វាឱ្យបាន ព្រោះមានមនុស្សជាច្រើនទៀតដែលកំពុងទ្រាំរស់នៅយ៉ាងលំបាកជាមួយស្ថានភាពដ៏អាក្រក់របស់គេដូចគ្នា។ សូមដោះស្រាយចំពោះបញ្ហាណាដែលយើងអាចដោះស្រាយបាន និងសម្របខ្លួនជាមួយនឹងបញ្ហាណាដែលយើងមិនទាន់អាចដោះស្រាយបាន តែប៉ុណ្ណឹងសិនទៅ។ វាមិនមែនមានតែយើងទេដែលពិបាកទ្រាំជាមួយបញ្ហា វាអាចនឹងមានមនុស្សជាច្រើនផ្សេងទៀត ដែលគេកំពុងតែទ្រាំដូចយើងដែរ ហើយពេលខ្លះស្ថានភាព និងបញ្ហារបស់គេនោះវាអាក្រក់ជាងបញ្ហារបស់យើងទៀតផងក៏ថាបាន។ មនុស្សយើងទោះជាមានជីវិតរស់នៅ២០ ឬ៣០ឆ្នាំដូចគ្នា ក៏មិនបានន័យថាធ្លាប់ឆ្លងកាត់រឿងរ៉ាវដូចគ្នាឡើយ។ ប៉ុន្តែគ្រប់គ្នាសុទ្ធតែបានប្រឹងប្រែងរស់នៅ និងគ្រប់គ្រងស្ថានភាពរបស់ខ្លួនឯងដែលពេលខ្លះវាជាការពុះពារយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯង។

