មនោសញ្ចេតនាមិនអាចកាត់ផ្តាច់
មនោសញ្ចេតនាមិនអាចកាត់ផ្តាច់ពីជីវិតបានឡើយ មានជីវិតត្រូវតែមានស្នេហា។ ស្នេហាមិនមែន សម្រាប់ការលះបង់ ស្នេហាក៏មិនមែនសម្រាប់ទទួលយកតែម្យ៉ាងនោះដែរ។ ស្នេហាត្រូវតែមានការផ្ដល់ឱ្យផង ហ៊ានស្រឡាញ់គឺហ៊ានទទួលលទ្ធផលចុងក្រោយ អាចជួប ឬព្រាត់? ទិសដៅស្នេហាគ្មានដែនកំណត់ទេ។ ពិសស្នេហ៍កុលាបមុតធ្លុះជ្រួតជ្រាបពេញបេះដូងបងហើយ។ អូនចង់ប្រើពេលវេលាយ៉ាងខ្លី ប្រើសម្ដីតែប៉ុន្មានឃ្លាមកកាត់ផ្ដាច់ស្នេហ៍យើងពុំមែនជាការងាយឡើយ។
អូនបន្ទោសបងថា បងជាប្រុសល្ងង់ កូនប្រុសពិតប្រាកដត្រូវចេះជ្រើសរើសនារីដែលស័ក្ដិសមជាមួយខ្លួន។ បើស្នេហាតម្រូវតែត្រឹមភាពស័ក្ដិសមនោះ បងសុំធ្វើជាប្រុសល្ងង់សម្រាប់អូនចុះ។ នៅពេលដែលបងបានជួបអូន ទើបបងបានយល់ច្បាស់ជម្រៅនៃពាក្យថាស្នេហ៍ ហើយវត្ថុដែលកាត់ថ្លៃស្នេហាបានមានតែមួយគត់ គឺបេះដូងបរិសុទ្ធ ស្នេហាពិតដែលមិនត្រូវការអ្វីមកថែមពណ៌ បន្លំភ្នែក ក្រៅពីដួងចិត្តស្មោះស្ម័គ្រ។ បើអូនចង់ផ្តាច់ក្ដីស្នេហាដែលបងមានចំពោះអូន ទាល់តែអូនផ្តាច់ពូជកុលាបឱ្យអស់ពីផែនដីនេះទាំងមូល។

