“ដើរដល់ចំណុចនេះ”

ពេលវេលាកន្លងមកនេះយើងបានជួបមនុស្សច្រើនដែរ មនុស្សខ្លះរួមសុខ មនុស្សខ្លះរួមទុក្ខ ឯអ្នកខ្លះទៀតរួមទាំងសុខ និងទុក្ខច្រើនលើកច្រើនសារជាមួយយើង ប៉ុន្តែបែរជាមានតែមនុស្សតែម្នាក់គត់ដែលពេញមួយជីវិតត្រូវរួមដំណើរជីវិតជាមួយយើង គ្រប់គ្រាសុខ និងគ្រាទុក្ខ រំភើប សប្បាយ ឈឺចាប់...គឺយើងខ្លួនឯង។ ម្ដងម្កាលពេលដែលជីវិតហត់នឿយ សំណួរដែលយើងចោទសួរខ្លួនឯងគឺថា "តើយើងប្រឹងរាល់ថ្ងៃនេះដើម្បីអ្វី?" ចម្លើយគឺចង់ប្រើជីវិតឱ្យអស់លទ្ធភាពដែលអាចធ្វើទៅរួច។ ភាពនឿយហត់វាលំបាក ប៉ុន្តែភាពស្រណុកសុខស្រួលដោយមិនឆ្លងកាត់ការលំបាក វាក៏នឹងធ្វើឱ្យធុញទ្រាន់ នឿយណាយ។
ដើរមកដល់ចំណុចនេះ ពេលក្រឡេកមើលទៅក្រោយ គឺយើងដើរបានឆ្ងាយហើយ តែបើក្រឡេកមើលទៅមុខ ក៏មិនដឹងថាវានៅសល់ផ្លូវវែងឆ្ងាយ ឬក៏ត្រូវអស់ផ្លូវត្រឹមណាឡើយ។ ជីវិតនេះណា បត់បែនឡើងចុះ ល្វើយ ហត់នឿយ អស់កម្លាំង ចង់បោះបង់ ចង់សម្រាក ប៉ុន្តែក៏នៅតែមិនអាចឈប់មួយកន្លែង។ បើយើងមិនដើរទៅមុខ ក៏ទ្រនិចនាឡិកានៅតែរំកិលដដែល។ ថ្ងៃស្អែកវាអាចធ្វើដំណើរមកដល់យឺតជាងសេចក្ដីស្លាប់របស់យើងក៏មិនដឹងដែរ ប៉ុន្តែខណៈនេះបើធ្វើអ្វីមិនបានទេ ក៏ត្រឹមតែញញឹមបន្ដិចទៅ។
គ្មាននរណាមកសន្យាជាមួយយើងទេ ថានៅដប់ឆ្នាំ ឬ២០ឆ្នាំទៀត ជីវិតយើងនឹងបានស្រណុកសុខស្រួល គឺមានតែយើងនេះឯង ដែលសន្យាជាមួយខ្លួនឯងថាទោះជាមានរឿងលំបាកច្រើនប៉ុណាក៏ដោយ ក៏ខ្ញុំត្រូវអត់ធ្មត់ ហើយប្រឹងប្រែងតស៊ូ។ លើលោកនេះ មនុស្សស្ទើរតែទាំងអស់ខំប្រឹងដើម្បីស្វែងរកភាពស្រណុកសុខស្រួល ប៉ុន្តែភាពស្រណុកសុខស្រួលនៅក្នុងជីវិតអត់មានទេ ព្រោះការមានជីវិតគឺជាទុក្ខហ្នឹងឯង៕

