ផ្ញើជូនអ្នកជិតខាង...

K
king-food

ផ្ញើជូនអ្នកជិតខាង... 😅

 

 

 

 

កាលខ្ញុំចេញពីផ្ទះមករៀននៅឆ្ងាយ ពេលត្រលប់ទៅផ្ទះម្ដងៗ អ្នកជិតខាងមកចោមរោម ហើយសួរថា “ទៅភ្នំពេញហ្នឹងរៀនអីរាល់ថ្ងៃ?” ក្រោយមកពេលរៀនចប់ចេញធ្វើការ ទៅលេងផ្ទះម្ដងៗគាត់សួរទៀត “ធ្វើការងារអីសព្វថ្ងៃ? ហើយបានប្រាក់ខែប៉ុន្មានដែរ? ឆ្ងល់ណាស់! ម៉េចក៏ទៅនៅទីក្រុងយូរហើយអត់ឃើញប្ដូរសម្បុរសនឹងគេ? ក្មួយឯងមានការងារធ្វើ មានប្រាក់ខែគ្រាន់បើដែរ ម៉េចមិនធ្វើខ្លួនឱ្យឡូយៗដូចគេ?” ប៉ុន្តែមិនចប់ត្រឹមហ្នឹងទេ នៅមានសំណួរផ្សេងទៀត។ “ក្មួយអើយ! អាយុជិតចូលសាបទៅហើយ ពេលណាបានគិតគូររឿងគ្រួសារផ្ទាល់ខ្លួន?” បើនិយាយឱ្យស្រួលស្ដាប់គឺថា ពេលណាបានរៀបការ? ថាមិនត្រូវដល់ពេលរៀបការរួចហើយ គាត់ប្រហែលជាមកសួរទៀត “ការយូរហើយ ពេលណាបានយកកូនចៅនឹងគេ?” នៅមានច្រើនហូរហែទៀត។

និយាយរួមទៅអ្នកជិតខាងខ្លះគឺពូកែបង្កើតសំណួរណាស់។ នៅផ្ទះផ្សេងគ្នា ហូបបាយឆ្នាំងផ្សេងគ្នា ចាយប្រាក់ក្នុងហោប៉ៅផ្សេងគ្នា ហើយរឿងផ្ទាល់ខ្លួន ឬរឿងឯកជនរបស់គេសោះហ្នឹងក៏តាមចង់ដឹង ដេញដោល ចូលប្រឹក្សា ទាំងដែលគេមិនត្រូវការឱ្យជួយផងក៏មាន។ បើថារឿងមានប្រយោជន៍ទៅមិនថាទេ តែនេះសុទ្ធតែជារឿងដែលវាមិនចាំបាច់អីត្រូវដឹង។

គេរៀនអី ធ្វើការអី បានប្រាក់ខែប៉ុន្មាន ពេលណារៀបការ ពេលណាយកកូនប្រើ វាសុទ្ធតែជារឿងមនុស្សក្នុងផ្ទះគេទេដែលត្រូវមកជជែកពិភាក្សា មិនមែនរឿងមនុស្សក្នុងភូមិត្រូវមកពិភាក្សាជាមួយឡើយ។ អ្នកជិតខាងខ្លះទៀត ពេលឃើញក្មេងៗគ្នាប្រឹងរៀន បែរជាទៅនិយាយបង្អាប់គ្នាទៀត។ អ្នកខ្លះហាឡើង មិនដឹងជាខំប្រឹងរៀនអីទេ បើអនាគតគង់តែយកប្ដីប្រពន្ធ បង្កើតកូនដដែលហ្នឹង។ ឈប់រៀនហើយរៀបការឆាប់ៗទៅ បង្កើតគ្រួសារ បង្កើតកូនចៅទៅ...!។

ការបង្កើតគ្រួសារវាពិបាកមធ្យមទេ ងំគឺបង្កើតហើយកសាងឲ្យរុងរឿង ថ្កុំថ្កើងទេតើដែលវាពិបាក។ រៀបការរួចបង្កើតកូន វាជារឿងធម្មតាទេ តែបង្កើតកូនហើយត្រូវចិញ្ចឹម អប់រំកូនឱ្យក្លាយជាធនធានល្អក្នុងសង្គមនោះទេតើ ដែលវាពិបាក។ ហើយអ្នកជិតខាងយើងខ្លះចេះគិតបានត្រឹមតែប៉ុណ្ណឹងទេឬ? គិតអីស្រួលៗ ងាយៗ។ អ្នកហៃអើខ្លះហ្នឹងចាំតែសើចចំអកទេ ចាំឲ្យតែមានរឿងប្លែកនឹងអាលយកទៅប្រជុំគ្នានិយាយទេ។

ណ្ហើយ! ឈប់បានក៏ឈប់ទៅ រឿងឯកជនខ្លះរបស់អ្នកដទៃ ទុកឱ្យគេដោះស្រាយ និងរៀបចំដោយខ្លួនឯងទៅ។ បើយើងមិនអាចជួយអ្វីគេទេ កុំទៅចាំបន្ថែមបន្ទុកឱ្យគេ ឬក៏ចាំសើចយំជីវិតរបស់គេ។ ក្រឡេកមើលរឿងដែលត្រូវយកចិត្តទុកដាក់រួមគ្នាវិញ ព្រោះរឿងទាំងនោះវាចាំបាច់ជាង ហើយវាមានច្រើនជាងផង៕

 

 

អត្ថបទ៖ សៀវភៅជីវិត

Comments