“ចង់រៀបការហើយមែនទេ?”
រៀបការគឺជារឿងរបស់មនុស្សពីរនាក់ ពីព្រោះជីវិតពិត មិនមែនមានត្រឹមតែថ្ងៃរៀបការនេះមួយថ្ងៃនោះទេ។ ប្តីប្រពន្ធនឹងត្រូវកាន់ដៃគ្នា រស់នៅជាមួយគ្នាអស់មួយជីវិត ដោយហេតុថាអ្នកទាំងពីរបានជិះទូកតែមួយហើយ។ ប្រសិនបើយើងសម្រេចចិត្តត្រូវ ហើយជ្រើសរើសមនុស្សដែលយើងនឹងអាចរស់នៅអស់មួយជីវិតជាមួយបាន នោះគឺជារឿងដ៏មានសុភមង្គលបំផុត មិនខ្វល់ថាពិធីមង្គលការនោះវាសាមញ្ញបែបណានោះទេ តែបើយើងរៀបការ ដោយសារគិតថាអាយុកាន់តែច្រើនទៅហើយ ឬដោយសារគិតថាគួរតែមានអ្នកមើលថែ ឬដោយសារមិត្តភក្តិការចោលអស់យើងក៏គួរតែធ្វើដូចគេដែរ….យើងបែរជាសម្រេចចិត្តដោយមិនបានគិតល្អិតល្អន់ នោះប្រហែលជាអាចពិបាកនៅថ្ងៃខាងមុខ ពីព្រោះយើងមិនបានរៀបការដោយសារតែស្រឡាញ់ដៃគូយើងពិតប្រាកដទេ ប៉ុន្តែដោយសារតែយើងទទួលរកសម្ពាធពីខាងក្រៅប៉ុណ្ណោះ។
ការសម្រេចចិត្តជ្រើសរើសដៃគូជីវិតមិនមែនជារឿងលេងសើចនោះទេ កុំគ្រាន់តែស្រឡាញ់មួយឆាវៗ នៅក្នុងដំណាក់កាលទឹកឃ្មុំនៅឡើយ តែពុះកញ្ជ្រោលចង់រៀបការរួមរស់ជាមួយគ្នាបាត់ទៅហើយ។ មនុស្សនឹងប្រែប្រួលទៅតាមពេលវេលា ចំណែកស្នេហាក៏មានការវិវត្តន៍របស់វាដែរ។ បើអាចគួរតែរង់ចាំរហូតដល់ចំណងស្នេហ៍មានស្ថេរភាពសិន សឹមគិតគូរ ពីព្រោះវាជារឿងអស់មួយជីវិតរបស់យើង។ យើងអាចជាកូនក្រមុំដ៏ស្រស់ស្អាតបំផុតនៅក្នុងថ្ងៃរៀបការ តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើយើងនឹងរួមរស់មានក្តីសុខ សុភមង្គលប៉ុនណាជាមួយមនុស្សដែលយើងរៀបការជាមួយនោះ?

