ផ្ទះជាកន្លែងដែលមានភាពកក់ក្ដៅនិងមានក្ដីសុខជាងគេ មិនថាយើងទៅដល់ទីណាទេ ថ្ងៃណាមួយយើងក៏គង់តែត្រលប់មកផ្ទះវិញមិនខាន។ ផ្ទះជាកន្លែងដែលយើងធំធាត់ ជាកន្លែងបង្រៀនគ្រប់រឿងមិនថា ការដើរដេក ឈរអង្គុយ ស្លៀកពាក់ និយាយស្ដីហើយក៏បង្រៀន យើងឱ្យក្លាយជាយើងនៅពេលនេះ ជាយើងដែលទៅដល់ទីណាក៏មិនអាចភ្លេចអ្វីដែលខ្លួនឯងបានធ្លាប់ធ្វើពីក្មេង...។
មកទល់នឹងពេលនេះប្រហែលមិនមែនមានតែខ្ញុំទេដែលចង់ទៅផ្ទះ ប្រហែលអាចមានអ្នកដែលកំពុងតែនឹងរក ពេលទៅផ្ទះទៅរម្លឹកអារម្មណ៍កាលពីក្មេង រត់លេងអត់ស្លៀកខោ ជិះកង់ទៅបេះអំពិលទឹក ឬក៏ទៅលួចស្វាយគេនៅក្បែររបង ឬ ក៏ទៅហែលទឹកអាង ឬទៅចាប់ជន្លេនធ្វើនុយឱ្យត្រី ឬពេលខ្លះលួចប្រហុកម៉ែទៅដាក់នុយ ហើយម៉ែជេរផ្អើលភូមិ ...។ ពេលខ្លះទៀត ខ្លួនស្រីទេតែបាញ់ឃ្លី លេងឈូសជាមួយប្រុសៗ ក្នុងភូមិហើយចាប់ផ្ដើមស្រែកផ្អើលអស់អ្នកភូមិដែលសម្រាកថ្ងៃ…។ មានរឿងច្រើនណាស់ដែល អ្នកភូមិនិងអ្នកផ្ទះមានអនុស្សាវរីយ៍រាប់រយលានដែលដក់ជាប់មិនអាចបំភ្លេចបាន…។
បើទំនេរឈៀងទៅមើល អ្នកផ្ទះមួយភ្លែត ហើយក៏ទៅរម្លឹករឿងសប្បាយកាលពីក្មេងមកវិញ ព្រោះដូចជាបណ្ដោយពេលកើតទុក្ខច្រើនពេកហើយទេដឹង។ ជីវិតទាន់មានឱកាសនៅដកដង្ហើម ចូរស្រឡាញ់មនុស្សដែលនៅជុំវិញយើងឱ្យបានច្រើន ជាពិសេសអ្នកផ្ទះ ដូចជាខាននិយាយពាក្យស្រឡាញ់យូរដែរហើយ ចង់ប្រាប់ថា ស្រឡាញ់អ្នកទាំងអស់គ្នាណាស់។

