មានបុរសពិការភ្នែកម្នាក់

K
king-food

 

មានបុរសពិការភ្នែកម្នាក់ បានទៅលេងផ្ទះមិត្ដភ័ក្ដរបស់គាត់។ ពេលញ៉ាំបាយល្ងាចរួចរាល់ហើយ បុរសពិការភ្នែករៀបចំត្រលប់មកផ្ទះវិញ តែត្រូវបានម្ចាស់ផ្ទះហុចចង្កៀងភ្លើងឲ្យ ដោយនិយាយថា

- មេឃងងឹត បងកាន់ចង្កៀងនេះ ដើម្បីបំភ្លឺផ្លូវទៅផ្ទះណា។

- បងដឹងថាខ្ញុំពិការភ្នែកហើយ នៅរៀបចំចង្កៀងឲ្យខ្ញុំទៀត។ តើបងចង់ចំអកខ្ញុំមែន?

- បងយល់ច្រលំហើយ។ បងដើរតាមផ្លូវយប់ងងឹត មានមនុស្សច្រើនក៏ធ្វើដំណើរតាមផ្លូវហ្នឹងដែរ អ៊ីចឹងឲ្យបងកាន់ចង្កៀងមិនមែនដើម្បីឲ្យបងមើលផ្លូវទេ តែឲ្យអ្នកដំណើរផ្សេងទៀតមើលឃើញបង កុំឲ្យគេបុកបង។

បុរសពិការភ្នែក ក៏បានយល់សេចក្ដី ហើយក៏បានសុំទោសម្ចាស់ផ្ទះ និងទទួលយកចង្កៀងដើរត្រលប់ទៅផ្ទះវិញ។

 

យើងម្នាក់ៗ សុទ្ធតែងងឹតងងល់ក្នុងវិស័យណាមួយ ជាពិសេសមើលមិនឃើញនូវរឿងជាច្រើនក្នុងឆាកជីវិត ប៉ុន្ដែបញ្ហានោះគឺ យើងមិនព្រមបើកចិត្ដឲ្យទូលាយ ដើម្បីស្ដាប់គំនិតអ្នកដទៃ តែផ្ទុយមកវិញដោយការយល់ឃើញគំនិតខ្លួនឯងសុទ្ធតែត្រឹមត្រូវ។ ពេលខ្លះ យើងមិនយល់ពីគំនិតគេ រួចក៏ចោទប្រកាន់ថាគេមានគំនិតមិនល្អចំពោះខ្លួន តបស្នងទៅវិញដោយការខឹងច្រលោត តែតាមពិតគំនិតរបស់ពួកគេមិនមែនអាក្រក់ដូចដែលយើងគិតនោះទេ៕

Comments