ពេលខ្លះខ្ញុំសប្បាយនឹងរៀន សប្បាយនឹងធ្វើការ ឬសប្បាយនឹងការកម្សាន្ដនានា រហូតខកខានញ៉ាំអាហារញ៉ាំមិនសូវទៀងទាត់ យូរទៅលែងអីនឹងឈឺក្រពះ ហើយជួនកាលក៏ធ្វើរឿងអស់នោះដល់យប់ជ្រៅ ឬដាច់យប់ ធ្វើឱ្យគេងមិនបានគ្រប់គ្រាន់។ ពេលខ្លះខ្ញុំសប្បាយនឹងការជួបជុំ ផឹកស៊ីហួសហេតុមិនគិតខ្វល់ដល់សុខភាព គង់អីនឹងមានជំងឺគ្របដណ្ដប់។ មេឃងងឹតមិនទាន់ ខ្ញុំក៏ក្លាហានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ព្រោះយល់ថាក្បាលទទេរហើយស្រួល ភ្លេចគិតថា ខ្លួនអាចនឹងដួលហើយគ្រោះថ្នាក់ប៉ះក្បាលនៅពេលណាមួយក៏មិនដឹង។

