«អំណរគុណ»
ព្រះអាទិត្យនឹងតែងតែរះឡើងមកបំភ្លឺភពផែនដី ហើយព្រះអាទិត្យនឹងមិនខ្វល់ថា ម្សិលមិញយើងជួបទុក្ខកង្វល់ ឬមានសុភមង្គលនោះទេ។ តាមច្បាប់ធម្មជាតិ ព្រះអាទិត្យនឹងតែងតែរះឡើងជារៀងរាល់ព្រឹកដដែល។ មិនថាម្សិលមិញយើងជួបទុក្ខលំបាក ឬមានបញ្ហាពិបាកដោះស្រាយយ៉ាងណានោះទេ ថ្ងៃនេះគឺសុទ្ធតែថ្ងៃថ្មី ហើយវាជាឱកាស ដើម្បីកែប្រែជីវិតយើងឱ្យកាន់តែប្រសើរឡើង។
ជារៀងរាល់ព្រឹក ខ្ញុំតែងតែប្រាប់ខ្លួនឯងថា “អរគុណដែលខ្ញុំនៅមានដង្ហើមដក! អរគុណដែលខ្ញុំ នៅមានជីវិតរស់បន្ត!” ខ្ញុំមិនចង់ត្អូញត្អែររឿងពិបាកចិត្ត ឬការឈឺចាប់របស់ខ្ញុំទៅអ្នកដទៃទេ ពីព្រោះពួកគេ មានរឿងដែលត្រូវដោះស្រាយរៀងៗខ្លួន។

