«កុំអាលអស់សង្ឃឹម»

K
king-food
«កុំអាលអស់សង្ឃឹម»

នៅថ្ងៃខ្លះយើងពិតជាមានអារម្មណ៍ថាហត់នឿយខ្លាំង បរាជ័យ អស់កម្លាំងខ្លាំង ស្មុគស្មាញខ្លាំង ឯកាខ្លាំង ហើយយើងមិនអាចរៀបរាប់នូវរឿងដែលកប់ទុកនៅក្នុងចិត្តចេញបាន។ ប៉ុន្តែវាក៏មានថ្ងៃខ្លះទៀតដែលយើងមានអារម្មណ៍ល្អ សើច ញញឹម កក់ក្ដៅ ស្រស់ស្រាយ ជោគជ័យ ទទួលបានការគាំទ្រលើកទឹកចិត្ត ពីមនុស្សនៅក្បែរខ្លួន។ ថ្ងៃដ៏ភ្ញាក់ផ្អើលដែលយើងក្រោកពីដំណេកជាមួយអារម្មណ៍ស្រឡះល្អពេញមួយថ្ងៃ ថ្ងៃដែលទទួលបានដំណឹងល្អដែលយើងរង់ចាំ។

យើងមានថ្ងៃជាច្រើនដើម្បីរស់នៅ និងឆ្លងកាត់អារម្មណ៍អស់ទាំងនោះគឺអារម្មណ៍ល្អ និងអារម្មណ៍សៅហ្មង។ យើងអាចតស៊ូរស់បានព្រោះយើងមានគោលដៅជីវិត មាននូវក្ដីសង្ឃឹមក្នុងចិត្ត។ ការតស៊ូវាមិនសុទ្ធតែជោគជ័យ ការរង់ចាំវាមិនមែនសុទ្ធតែទទួលបាននូវលទ្ធផលល្អឡើយ ប៉ុន្តែបើយើងបោះបង់ចោលថ្ងៃទាំងនោះ ហើយជ្រើសរើសយកវិធីបញ្ចប់រឿងគ្រប់យ៉ាងដោយការស្លាប់ យើងនឹងបាត់បង់ឱកាសគ្រប់យ៉ាង សូម្បីតែឱកាសត្រូវរស់បន្តទៀតសម្រាប់ទទួលរឿងល្អដែលនឹងមកដល់...។ សូមកុំអស់សង្ឃឹមចំពោះថ្ងៃអាក្រក់ ប៉ុន្តែសូមញញឹមដើម្បីស្វាគមន៍ថ្ងៃល្អដែលនឹងមកដល់។


Comments