ច្បាប់ធម្មជាតិ

K
ភាពល្ងង់របស់គំនិត បើមិនបានស្តាប់ពាក្យពិតទេកែមិនបានឡើយ បញ្ញាត្រាស់ដឹងច្បាប់ធម្មជាតិក៏ដូចគ្នា បើមិនបានសន្សំឧប្បនិស្ស័យទេ កុំសង្ឃឹមថាមានគំនិតគិតឃើញឲ្យសោះនោះ ! ។ ព្រះសារីបុត្តស្មានតែលោកល្ងង់ណាស់ទៅឬ ? លោករៀនចប់វិជ្ជាត្រៃវេទតាំងពីក្មេង ហើយដើរប្រកួតឈ្នះគេគ្រប់ទីកន្លែង តែហេតុអីលោកគិតមិនឃើញពីអរិយៈសច្ចៈដែលជាផ្លូវរំលត់ទុក្ខបានទៅវិញ ? បើកុំតែបានជួបព្រះសម្មាសម្ពុទ្ធ បានស្តាប់ការពិតកុំអីស្មានតែបានបញ្ចប់ជាតិកំណើត បានបញ្ចប់ទុក្ខបានឬ ? ។ ឆាប់បង្អោនចិត្តគោរពស្រឡាញ់ធម៌ ហើយបណ្តុះនិស្ស័យស្តាប់ធម៌ឡើង ! កុំរវល់តែវង្វេងនឹងរូប សម្លេង ក្លិនរស សម្ផស្សពាល់ត្រូវកាយ វង្វេងនឹងអញ ដែលវង្វេងកើតស្លាប់អស់ជាអនេកជាតិមកហើយនោះឲ្យសោះ ! ឆាប់ភ្ញាក់ខ្លួនឡើង ! ។
ពេលខ្លះអ្នកភ័យខ្លាចមិនចង់បំភ្លេចចោលរឿងកន្លងហួស ព្រោះថាវាផ្អែមល្ហែមពេក ប៉ុន្តែអ្នកបែរជាភ័យខ្លាចការឈឺចាប់ជាមួយអារម្មណ៍អាក្រក់ដែលកន្លងហួសទៅវិញ ! នេះហើយភាពវង្វេងក្នុងអារម្មណ៍ដែលហៅថាមោហៈ អវិជ្ជានោះ វានាំឲ្យមានការកើតស្លាប់ជាអនេក នាំឲ្យមានតំណក់ទឹកភ្នែកច្រើនជាងតំណក់ទឹកមហាសាគរទៅទៀត​ ល្មមឆ្អែត ល្មមចប់ហើយ ! កុំនៅលេងតទៅទៀតវាពិសពុលណាស់។

Comments