ធម្មជាតិណាដឹងអារម្មណ៍ធម្មជាតិនោះឈ្មោះថាចិត្ត ចិត្តមានច្រើនប្រភេទព្រោះដឹងអារម្មណ៍មិនដូចគ្នា អារម្មណ៍មានច្រើនយ៉ាងទើបចិត្តមានច្រើនប្រភេទដែរ។តណ្ហារមែងចម្រើនឡើង រឹងមាំឡើង ចំពោះបុគ្គលណាដែលត្រិះរិះអំពីវាដោយក្តីសោមនស្សរីករាយ រាគៈដែលបានត្រិះរិះនេះវានឹងធ្លាក់ទៅដល់ក្រសែនៃតណ្ហា រាគៈតណ្ហាគឺកើតពីការគិតទេ បណ្ឌិតទាំងឡាយកាត់ផ្តាច់នូវក្រសែតណ្ហានេះបានគឺដោយសតិនិងបញ្ញា ជាអ្នកមិនមានអាល័យលះបង់នូវសេចក្តីទុក្ខទាំងពួងបាន ។ ចូរលះបង់ការអាល័យក្នុងកាមជាអតីត លះបង់អាល័យក្នុងបច្ចុប្បន្ន លះអាល័យក្នុងអនាគត ធ្វើចិត្តឲ្យរួចផុតពីសង្ខតៈធម៌ទាំងពួង នឹងមិនចូលទៅកាន់ជាតិ ជរា និងមរណៈតទៅទៀតឡើយ ។ចំណង់តណ្ហាតែងធ្វើជីវិតឲ្យច្របូកច្របល់ លទ្ធផលរបស់វាគឺជាការរើបម្រះននាលទៅមក បីដូចជាសត្វជាប់អន្ទាក់ព្រាន ពួកសត្វទាំងនោះជាអ្នកជាប់ជំពាក់ដោយចំណង់តណ្ហា ទើបជួបប្រទះសេចក្តីទុក្ខជារឿយៗអស់កាលជាយូរអង្វែង ។ កាលបើបញ្ញាយល់ច្បាស់ពីបញ្ហានេះ គេតែងព្យាយាមកម្ចាត់បង់នូវតណ្ហាដែលតែងតែធ្វើជីវិតឲ្យច្របូកច្របល់ឲ្យទាល់តែបាន ។រាល់ការចងចាំ រាល់ការគិត អ្នកសុទ្ធតែមានជំរើសបាន ព្រលែងចោលគំនិតណាដែលនាំឲ្យអ្នករងទុក្ខវេទនា នាំឲ្យចិត្តបាត់បង់សេរីភាព ព្រោះសុភមង្គលត្រឹមតែជាភាពរីករាយទេ កុំបំផ្លាញខ្លួនឯងតាមរយះការគិតឲ្យសោះ ។ បើបេះដូងត្រូវជាំឈាមដោយសារតែកំហឹង ការព្រួយបារម្ភច្រើនឬការប្រកាន់ នោះចិត្តយើងមិនអាចមានសេរីភាពបានទេ ។ ថ្ងៃនេះខ្ញុំមិនខ្វល់ដោយសារតែអ្វីដែលខ្ញុំមិនអាចគ្រប់គ្រងបាននោះឡើយ ! ហេតុផលដែលអ្នកខ្លះគេលះបង់ការគិតបានលឿនរហ័ស ព្រោះគេយល់ច្បាស់ថា រឿងជីវិតគឺតែប៉ុណ្ណឹង ពេលវេលារបស់ជីវិតគឺឆ្ពោះទៅមុខជានិច្ច ហើយអ្វីៗដែលខ្លួនបានជួបត្រឹមតែកើតរលត់ ! ។

