ជីវិតនេះវាខ្លីហួសនឹងមានពេលគិតពីរឿងតូចតាចហើយ ! យើងម្នាក់ៗមានជីវិតលើលោកនេះមិនប៉ុន្មានឆ្នាំទេ រឿងអីត្រូវមកបង្ខាតពេលវេលាដែលមិនអាចរកអ្វីមកជំនួសវិញបានដោយការពន្លិចខ្លួនឯងទៅក្នុងគំនិតទុក្ខព្រួយសោកសង្រេងទៅវិញ ? ឬ មួយអ្នកគ្មានពេលធ្វើបុណ្យទាន ធ្វើអំពើល្អជាមួយអ្នកដទៃដើម្បីដូរយកចិត្តត្រជាក់មកវិញទាល់តែសោះ ? ។គោលដៅរបស់ជីវិតគឺស្វែងរកភាពរីករាយទេ អ្វីដែលមិននាំឲ្យមានភាពរីករាយយើងកុំធ្វើ កុំនិយាយ ! ការខិតខំយកឈ្នះក្តីទុក្ខសោក ការខិតខំឆ្លងកាត់បញ្ហា គឺដើម្បីសាងជីវិតឲ្យមានក្តីសុខទេ តែហេតុអីអ្នកមកកើតទុក្ខជាមួយការលំបាកដែលអ្នកកំពុងតែឆ្លងកាត់ទៅវិញ ? ក្រែងអ្នកចង់បានសេចក្តីសុខ មិនដូច្នោះឬ ? ។ សូមកុំយករឿងកំបុិកកំប៉ុកតូចតាច ដែលយើងអាចបំភ្លេចវាចោលបាន មកធ្វើឲ្យអារម្មណ៍មួរម៉ង បំផ្លាញសុភមង្គលក្នុងគ្រួសារ ទាស់ទែងប្តីប្រពន្ធ រំខានដល់ទឹកចិត្តកូនចៅដែលកំពុងតែសិក្សា ចូរចាំជានិច្ចថា ជីវិតមិនមែនវែងគ្រប់គ្រាន់សម្រាប់មកឲ្យយើងខ្វល់អំពល់នឹងរឿងកំបុិកកំប៉ុកទាំងនោះឡើយ ! ។ ត្រូវខំប្រឹងកំចាត់និស្ស័យប្រមូលទុក្ខសោក និស្ស័យបង្ហូរទឹកភ្នែកចោលអត់បានការ និស្ស័យដេកគិតពង្រីកបញ្ហា មុននឹងបញ្ហាពិតប្រាកដមកកំចាត់លោកអ្នកនាងចោល ។

