បើចង់មានភាពរីករាយក្នុងជីវិតពិតប្រាកដ ត្រូវខំធ្វើឲ្យបានទៅដល់គោលដៅ ដែលមិនមែនដើម្បីនរណាម្នាក់ ក៏មិនមែនដើម្បីតែវត្ថុក្នុងលោកនេះដែរ ! ។ក្នុងលោកនេះ មិត្តពិតប្រាកដរបស់យើង គឺជាខ្លួនឯងនេះហើយ មិត្តខាងក្រៅបើទោះជាល្អយ៉ាងណា ក៏គេមិននៅទាំងថ្ងៃទាំងយប់ជាមួយយើងដែរ ពាក់កណ្តាលយប់បើយើងមានក្តីសោក ក៏យើងអាចលួងលោមចិត្តខ្លួនឯងបាន មិនអាចទៅរំខានអ្នកដទៃបានទេ ។ ពេលក្តីស្លាប់បានមកដល់ គឺមានតែយើងម្នាក់គត់ដែលត្រូវចាកចេញ បើយើងគ្មានក្តីក្លាហានទេ តើមានមិត្តឯណាព្រមទៅជាមួយយើងទៅ ? ។ ត្រូវចេះស្រឡាញ់ថែថ្នមខ្លួនឯងឲ្យបានល្អ គឺបង្កើតទំនុកចិត្តជាមួយខ្លួនឯងដោយយកព្រះធម៌(ពុទ្ធធម៌)ជាទីពឹងទីរលឹក ជាជំរកចិត្តឲ្យបានស៌ប់សួន អ្នកនឹងគ្មានថ្ងៃសាបសូន្យឡើយ ! ។
ចង់ស្វែងរកមនុស្សល្អឬ ? ពួកគេគឺដូចជាបារតអញ្ចឹង ពិបាករក្សាទុកបានណាស់ ! បើពិបាករកពេក ហេតុអីមិនធ្វើខ្លួនឯងឲ្យក្លាយទៅជាមនុស្សល្អទៅ ? ។ ធ្វើជាមនុស្សល្អមិនពិបាកទេ ម៉្ងៃៗ ប្រឹងកំចាត់តែចិត្តអាក្រក់របស់ខ្លួនឯងទៅ អ្នកនឹងក្លាយទៅជាមនុស្សល្អអស្ចារ្យជាមិនខាន ! ។ សម្តីបញ្ឈឺចិត្តអាចនាំឲ្យមានអារម្មណ៍ឈឺចាប់ តែភាពស្ងប់ស្ងាត់តបទៅវិញអាចធ្វើឲ្យគេបែកបេះដូងបាន មនុស្សល្អអស្ចារ្យ គឺជាមនុស្សស្ងប់ស្ងាត់ប្រកបដោយបញ្ញា គ្រប់កាលៈទេសៈនេះឯង ! ។

