ជំរាបសួរលោកគ្រូ ! តើអរិយបុគ្គលនៅមានការលេងសើច នៅមាននិយាយឲ្យគេសើច ឬ នៅកំប្លែងលេងទេ ? ។
សាធុ ៗ ឯកសារខ្លះនិយាយថា សោតា សកទា នៅលេងសើចច្រឡំនឹងបុថុជ្ជនដែរ នៅសេពកាមជាមួយដៃគូ តែមិនដាច់សីលកាមេទេ នៅមានលោភៈ ទោសៈ មោហៈតែស្រាលស្តើង នៅលេងសើចតែមិនមែនមុសាឬមិនខុសនឹងវចីកម្ម៤ទេ។ មួយទៀតហៅថាវាសនាគឺកាយបយោគ វចីបយោគ ក្នុងពុទ្ធសាសនាមានតែព្រះពុទ្ធមួយព្រះអង្គគត់ដែលបានរួចផុត ក្រៅពីនេះព្រះសារីបុត្តនៅលោតព្រោះធ្លាប់កើតជាស្វា(ជាសន្តាន) ព្រះអរហន្តខ្លះនៅនិយាយពាក្យគ្រោតគ្រាតហៅគេ អាមោឃ ពេលនិយាយគ្រវីក្បាល គ្រលែងក ញាក់មុខជាដើម នេះសុទ្ធតែជាសន្តានដែលធ្លាប់សន្សំមកពីភពមុនៗ ។
សុំទោស តើលោកគ្រូបានសម្រេចថ្នាក់អីហើយ ?
សាធុ ៗ ខ្ញុំគ្រាន់តែជាគ្រហស្ថបុថុជ្ជនដែលចេះធម៌តិចតួចប៉ុណ្ណោះទេ ក្នុងការរស់នៅសូម្បីសីល៥សឹងតែគ្មានផង ដាច់ព្រឹក ដាច់ល្ងាចទេលោក អ្នកគ្រប់គ្រងផ្ទះនេះពិតជាគួរឲ្យសង្វេកពន់ពេកណាស់ មានតែខិតខំតស៊ូតទៅទៀតតែប៉ុណ្ណោះ ! ។ ខ្ញុំបង្កើតទំព័រនេះឡើង ដើម្បីលំហែកំសាន្តចិត្តខ្លួនឯងផង ដើម្បីជជែកលេងជាមួយអ្នកដែលចូលចិត្តផង គឺតែប៉ុណ្ណឹងទេ មិនមានបំណងតស៊ូមតិជាមួយអ្នកណាឡើយ បាទ ! ។


