ការលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជួយអ្នកដទៃហៅថា «បុណ្យ» បុណ្យគឺជាសម្បត្តិផ្ទាល់ខ្លួន ការធ្វើឲ្យអ្នកដទៃរងទុក្ខវេទនាហៅថា«បាប» បាបក៏ជាសម្បត្តិផ្ទាល់ខ្លួនដែរ ។ សុខទុក្ខដែលខ្លួនបានទទួលឥឡូវនេះមិនមែនអត់ហេតុផលឡើយ រាប់ទាំងសុខភាពផង មនុស្សម្នាក់ឈឺច្រើនព្រោះ ឯកជនកម្ម១(កម្មផ្ទាល់ខ្លួន) សមូហកម្ម១(កម្មធ្វើរួមគ្នាឬកម្មក្នុងសង្គម)។ ផលកម្មគឺជាសម្បត្តិផ្ទាល់ខ្លួនដែលត្រូវស្ពាយឆ្លងភព តាមទំនុកបំរុងខ្លួនឯងខ្លះ តាមរុកគួនខ្លួនឯងខ្លះ អ្នកណាភ្លេចបុណ្យ អ្នកនោះក្លាយជាជនអនាថាក្នុងភពបី ឬក្លាយជាអ្នកលេងនៅអបាយភូមិជាមិនខាន ។ អភ័ព្វរឿងអ្វីក៏អភ័ព្វចុះ កុំឲ្យតែអភ័ព្វមិនបានធ្វើបុណ្យ អភ័ព្វព្រោះក្រីក្រទ្រព្យសម្បត្តិខាងក្រៅ អភ័ព្វព្រោះបែកបាក់ស្នេហា អភ័ព្វព្រោះគ្រួសារមិនរាប់រក ព្រោះកូនមិនស្តាប់បង្គាប់ ព្រោះម៉ែឪបោះបង់ចោល វាគ្រាន់តែជាផ្នែកមួយនៃជីវិតដែលមិនទៀងទាត់ កុំឲ្យតែចិត្តយើងអភ័ព្វបន្ថែមទៀត គិតងប់ងល់តែជាមួយការឈឺចាប់រហូតភ្លេចធ្វើអំពើល្អ នាំឲ្យជីវិតកាន់តែលិចចុះទៅទេ ។ ការចម្រើនសទ្ធាក្នុងព្រះរតនៈត្រ័យ រីករាយក្នុងអំពើល្អ លែងគិតថាខ្លួនអភ័ព្វតទៅទៀតហើយ ត្រឡប់ជាមកគិតថា « ខ្លួនអញអស្ចារ្យណាស់ ! បានកើតមកជាមនុស្សបានសាងអំពើល្អ បានធ្វើសីលទានភាវនានេះជាភ័ព្វសំណាងក្រៃលែងណាស់ !

