ពិចារណាតាមការគួរ

K
ក្នុងវត្ថុមួយមានអត្ថន័យពីរជានិច្ច
រាត្រីនេះកូនទន្សាយពីរក្បាលគេងកើយដៃម្តាយភ្នែកសម្លឹងមើលមេឃដែលមានដួងច័ន្ទរះភ្លឺថ្លានិងដួងតារារះភ្លឺព្រិចៗដូចជាកំទេចពេជ្រចាំងជះលំអផ្ទៃមេឃគួរឲ្យចង់គយគន់ជាពន់ពេក។សម្លេងសត្វចង្រិតយំតាមគុម្ពស្មៅដូចជាតន្ត្រីសួគ៌ាប្រដេញគ្នាមានបទមានបែបនារាត្រីកាល កូនទន្សាយគេងមើលផ្ទៃមេឃយ៉ាងជក់ចិត្ត អ្នកម៉ាក់សម្លឹងមុខវាហើយពោលថា កូនមិនទាន់គេងទេឬ?កូនទន្សាយយកស្លឹកត្រចៀកត្រដុសទ្រូងម្តាយថ្នមៗរួចពោល ម៉ាក់ៗផ្ទៃមេឃគួរឲ្យស្រឡាញ់ណាស់ខ្ញុំចង់បានវាមកថ្នាក់ថ្នម! ប្រុសម្តាយ !ស្តាប់ម៉ាក់ណា សេចក្តីស្រឡាញ់មិនមែនសុទ្ធតែនាំមកនូវសេចក្តីសុខដល់យើងទេកូន ប្រុសម្តាយចូរកូនស្តាប់ម៉ាក់ កាលណាចិត្តកូននៅមានស្រឡាញ់ស្អប់គឺកូននឹងមានសេចក្តីទុក្ខលំបាកក្នុងលោកនេះខ្លាំងជាមិនខាន។ចូរកូនហ្វឹកហាត់ចិត្តឲ្យអាចរស់ជាមួយធម្មជាតិ ឲ្យជាកណ្តាល មិនជាប់ជំពាក់មិនទោមនស្សជាមួយអ្វីទាំងអស់ទើបកូនបានក្តីសុខ។បាទម៉ាក់កូនយល់ហើយ! មេទន្សាយបានបែរក្បាលទៅសួរកូនច្បង វិញម្តង ចុះឯងវិញ !យល់សម្តីម៉ាក់ខ្លះទេ?ទេម៉ាក់ !លោកនេះជារបស់កូនទេ វាត្រូវតែជារបស់កូនម្នាក់គត់ កូនចង់បានអ្វីគឺត្រូវតែយកឲ្យបាន!។ម្តាយដកដង្ហើមធំបន្តិច!ព្រោះបារម្ភចំពោះកូនច្បងដែលមានចិត្តមានះចង់ឈ្នះធម្មជាតិ!ណ្ហើយចុះនាំគ្នាគេងទៅកូនយប់ជ្រៅហើយ!បាទម៉ាក់ៗ។ពេលវេលាមួយស្របក់បានកន្លងផុតទៅ ស្រាប់តែផ្ទៃមេឃប្រែជាខ្មៅស្រអាប់ផ្លេកបន្ទោរបានវាសលើផ្ទៃមេឃព្រាកៗខ្យល់ជំនោរយ៉ាងចម្លែកបានបក់អូសលើចុងស្មៅសឹងរលើងដើមឈើជាជំរកវា មិនយូរប៉ុន្មានព្រះភិរុណបានបង្អុរយ៉ាងខ្លាំងមកលើផែនពសុធា គំនួចទឹកហូរគគុកគកាក់ចាក់ចូលរន្ធទន្សាយ មេទន្សាយបានបីកូនៗបោះទៅលើទីទួលប៉ុន្តែកម្លាំងទឹកហូរចាក់ពីទីទួលមិនអនុញ្ញាត្តិឲ្យកូនៗទន្សាយអាចហែលរកទីពឹងបានឡើយ។អ្នកជាម្តាយមានបទពិសោធស្រែកប្រាប់កូនៗថា មាសម្តាយគ្រប់គ្នាចូរហែលបណ្តែតខ្លួនតាមផ្ទៃទឹកហើយឃើញទីណាទួលខ្ពស់ចាំកូនរត់ឡើងឲ្យលឿន!កូនពៅបានស្តាប់បណ្តាំមាតាប្រឹងធ្វើតាមចំណែកកូនបងវាចង់ឈ្នះធម្មជាតិប្រឹងហែលបញ្ច្រាស់ទឹកគ្មានទិសដៅទីបំផុតវាត្រូវវង្វេងមេបាត់ទៅ។អស់រយះពេលប្រមាណជិតមួយម៉ោងមហាមេឃហាក់បីដូចបានស្ងប់កំហឹងមកវិញ មេទន្សាយបានផ្អោបកូនពៅក្រោមដើមទ្រូងឲ្យកក់ក្តៅ កូនទន្សាយបានលបមើលមេឃភ្លឹះៗវាមិននឹកស្មានទាល់តែសោះថារបស់ដែលវាខំស្រឡាញ់សឹងប្តូរជីវិតតែបែរជាមកធ្វើបាបវាដល់ថ្នាក់នេះ!បើកុំតែបានអ្នកម្តាយលោកបានពន្យល់ប្រាប់មុនកុំអីវានឹងត្រូវស្លាប់ដោយសារតែរបស់ជាទីស្រឡាញ់របស់វា។ពិសពុលចិត្តស្រលាញ់និងចិត្តស្អប់វាតែងសម្លាប់ម្ចាស់វាជានិច្ចណាកូន!អ្វីៗគឺជាច្បាប់ធម្មជាតិទាំងអស់ មនុស្សនេះឯងជាអ្នកធ្វើឲ្យធម្មជាតិប្រែប្រួល អ្នកណាបំផ្លាញធម្មជាតិធម្មជាតិនឹងបំផ្លាញវិញ យើងមានតែតស៌ូរស់ព្រមតាមធម្មជាតិតែប៉ុណ្ណោះណាកូន។ទឹកភ្នែកបានហូររឹមៗពីភ្នែកកូនទន្សាយដែលបានយល់ច្បាស់ពីសច្ចះធម៌ អ្វីៗគឺជាធម្មជាតិទាំងអស់ ប្រព័ន្ធអេកូឡូសីុសុទ្ធតែមានទំនាក់ទំនងគ្នា អ្វីមួយបាត់បង់ត្រូវតែកើតជាអ្វីមួយថ្មី បើយើងថែទាំធម្មជាតិ ធម្មជាតិនឹងថែទាំយើងវិញ បើយើងបំផ្លាញវាៗនឹងបំផ្លាញយើងវិញ!(Relativity Ecology and Radioactive)ជាច្បាប់ដែលមិនអាចបំផ្លិចបំផ្លាញតាមអំពើចិត្តបានឡើយ៕

Comments