គតិសំរាប់ពិចារណា

K

បុគ្គលទាំងឡាយមានប្រក្រតី យល់ឃើញក្នុងរឿងមិនគួរខ្លាច ថាគួរខ្លាច យល់ឃើញក្នុងរឿងដែលគួរខ្លាច ថាមិនគួរខ្លាច រឿងដែលឥតទោសថាមានទោស រឿងដែលមានទោសថាឥតទោស ជាអ្នកប្រកាន់យកតែមិច្ឆាទិដ្ឋិ នឹងទៅកាន់ទុគតិ ។ បុគ្គលដែលយល់ឃើញក្នុងរឿងគួរខ្លាច ថាគួរខ្លាច រឿងមានទោស ថាពិតជាមានទោស ជាអ្នកកាន់យកតែសម្មាទិដ្ឋិ នឹងទៅកាន់សុគតិ សួគ៌ និព្វានបាន ។ ទិដ្ឋុជុកម្ម បុណ្យអ្វីស្មើដោយបុណ្យធ្វើទិដ្ឋិឲ្យត្រង់មិនមានឡើយ ។បុគ្គលទាំងឡាយតែងខ្មាសក្នុងរឿងមិនគួរខ្មាស តែងមិនខ្មាស ក្នុងរឿងដែលគួរខ្មាស ។ តើរឿងមិនគួរខ្មាសនោះតើដូចម្តេច ? រូបមិនស្អាត គំនិតមិនឆ្លាត ក្រីក្រទ្រព្យធនព្រោះគ្រោះថ្នាក់ផ្សេងៗ ជាដើម ។ រឿងដែលគួរខ្មាសនោះតើដូចម្តេច ? រស់ជាមនុស្សគ្មានសីល គ្មានសមាធិ គ្មានភាវនា សេពគប់តែអំពើមិនត្រឹមត្រូវ ។ របស់ដែលគួរបានបែរជាមិនបាន របស់មិនគួរបានបែរជាបាន នេះហើយអវិជ្ជា ។បុគ្គលគប្បីហាត់ស្លាប់ទាំងកំពុងរស់ ដើម្បីកុំឲ្យតក់ស្លុតនៅពេលការពិតបានមកដល់ គប្បីខំសម្លាប់ទាន់ខ្លួននៅក្មេង ។ តើខំសម្លាប់អ្វីខ្លះ ? សម្លាប់ទិដ្ឋិគឺការយល់ខុសមួយ សម្លាប់ការមានះប្រកាន់មួយ សម្លាប់ចំណង់តណ្ហាមួយ សម្លាប់ប្រតិកម្មចិត្តដែលកើតតាមភ្នែក ត្រចៀកមួយ សម្លាប់រាគៈតណ្ហាមួយ សម្លាប់បានច្រើនប៉ុណ្ណា សេចក្តីសុខនឹងកើនឡើងច្រើនប៉ុណ្ណោះ ! ។

ការបានបួសគឺជាការក្រ ការបានត្រេកអរនៅក្នុងផ្នួស ត្រេកអរក្នុងធម៌វិន័យក៏រឹងរឹតតែជាការក្រណាស់ទៅទៀត ! ។ ការរស់នៅក្នុងផ្ទះសម្បែងដែលបែកបាក់គឺជាការលំបាក តែការរួមរស់ជាមួយបុគ្គលដែលមាន សទ្ធា សីល ហិរិ ឧត្តប្បៈ ចាគៈ សមាធិ បញ្ញាមិនស្មើគ្នា ក៏រឹងរឹតតែលំបាកក្រៃលែងណាស់ទៅទៀត ផ្លូវអ្វីដែលវែងឆ្ងាយស្មើដោយផ្លូវវដ្តៈនេះមិនមានឡើយ ទើបបុគ្គលគប្បីត្រាច់រង្គាត់ទៅតែឯង ដូចជាកុយរមាស មិនគួររស់នៅមានគ្នីគ្នាជាគំរប់ពីរឡើយ ! ។

Comments